ឯកឧត្តមរដ្ឋលេខាធិការ សុខ ពុទ្ធិវុធ បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីបិទវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកវិទ្យា5G នៅទីក្រុងប៉េកាំង ក្នុងគោលបំណងដើម្បីពន្លឿនការចាប់ផ្តើមដំណើរការ 5G នៅកម្ពុជាក្នុងឆ្នាំ ២០២០
ប៉េកាំង: នាថ្ងៃទី០៩-១០ ខែមករា ឆ្នាំ២០២០ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបិទវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកវិទ្យា5Gសម្រាប់មន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី ១០ ខែមករា ឆ្នាំ២០២០ដែលរៀបចំដោយបណ្ឌិត្យសភាបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៃសាធារណរដ្ឋចិន (ហៅកាត់ថា CAICT) នាទីក្រុងប៉េកាំង។
វគ្គបណ្តុះបណ្តាលនេះគឺធ្វើឡើងក្នុងគោលបំណងចែករំលែកនូវបទពិសោធន៍ដល់មន្រ្តីនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា ស្តីអំពីគោលនយោបាយសម្រាប់ការគាំទ្រការអភិវឌ្ឍបច្ចេកវិទ្យា 5G និងបច្ចុប្បន្នភាពចុងក្រោយនៃបទពិសោធន៍អំពីការដាក់ពង្រាយ5G របស់សាធារណរដ្ឋប្រជាមានិតចិន និងបណ្តាប្រទេសមួយចំនួនទៀត។ គួរបញ្ជាក់ផងដែរថា CAICT គឺជាវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រ ស្ថិតក្រោមក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យាចិន (MIIT)។ CAICT បាននឹងកំពុងផ្តល់នូវការគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធសាស្ត្រ ផែនការ គោលនយោបាយ ស្តង់ដា ការសាកល្បង និងវិញ្ញាបនប័ត្រសម្រាប់ការអភិវឌ្ឍវិស័យបច្ចេកវិទ្យានិងព័ត៌មាន និងកម្មវិធីព័ត៌មានវិទ្យានៅក្នុងប្រទេសចិន។
ការបណ្តុះបណ្តាលរយៈពេល ៥ ថ្ងៃបានលើកឡើងនូវប្រធានបទជាច្រើនដូចជា យុទ្ធសាស្រ្តនៃបច្ចេកវិទ្យា5G និងការអភិវឌ្ឍឧស្សាហកម្មជាសកលនិងសម្រាប់ប្រទេសចិន ប្រធានបទស្តីអំពីស្តង់ដារនិងបច្ចេកវិទ្យា5G ការចែករំលែកហេដ្ឋារចនាសម្ព័ន្ធ5G ផែនការនិងការគ្រប់គ្រងវិសាលគមន៍( Spectrum) សន្តិសុខអុីនធឺណិតនៃប្រព័ន្ធ 5G សេវាកម្ម និងកម្មវិធីផ្សេងៗនៃបច្ចេកវិទ្យា5G ។ ក្រៅពីនោះ វគ្គបណ្តុះបណ្តាលក៏មានការចូលរួមពីតំណាងក្រុមហ៊ុន China Unicom និង China Telecom ដើម្បីចែករំលែកនូវបទពិសោធន៍របស់ពួកគេអំពីការដាក់ពង្រាយប្រព័ន្ធ 5G ជាផ្លូវការនៅក្នុងប្រទេសចិន។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ សុខ ពុទ្ធិវុធ ក៏បានជួបពិភាក្សាការងារជាមួយលោក Lu Jianwen អគ្គនាយករងនៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យាចិន (MIIT) លោកស្រី Wang Zhiqin អនុប្រធាននៃ CAICT និងលោក Victor Zhang អគ្គនាយកបច្ចេកទេសនៃក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា ដែលនេះជាកិច្ចពិភាក្សាស៊ីជម្រៅស្តីអំពីគំរូនៃការអភិវឌ្ឍបច្ចេកវិទ្យា 5G នៅកម្ពុជាតាមទស្សនៈនៃក្រសួងឧស្សាហកម្មនិងបច្ចេកវិទ្យាព័ត៌មានចិន (MIIT) បណ្ឌិត្យសភាបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានចិន(CAICT) និងក្រុមហ៊ុន Huawei ។
ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា“ បច្ចេកវិទ្យា5G គឺជាហេដ្ឋារចនាសម្ព័ន្ធឌីជីថលដ៏សំខាន់ក្នុងការកសាងបណ្តាញតភ្ជាប់ដ៏ពេញលេញនិងវៃឆ្លាតនៅក្នុងប្រទេសកម្ពុជា ហើយរាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាជំរុញឱ្យមានផែនទីបង្ហាញផ្លូវនៃការរៀបចំប្រព័ន្ធ 5G (5G roadmap) និងចាប់ផ្តើមដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងឆ្នាំ ២០២០នេះ ។ នៅប៉ុន្មានខែខាងមុខនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (MPTC )នឹងធ្វើការលើការរៀបចំផែនទីបង្ហាញផ្លូវសម្រាប់បច្ចេកវិទ្យា 5G (5G roadmap) និងប្តេជ្ញាជំរុញការអភិវឌ្ឍប្រព័ន្ធ 5G នៅឆ្នាំ ២០២០ សម្រាប់ប្រទេសកម្ពុជា ។ ការអភិវឌ្ឍយ៉ាងឆាប់រហ័សនិងភាពចាស់ទុំនៃខ្សែសង្វាក់ឧស្សាហកម្ម 5G នឹងមិនត្រឹមតែជំរុញការផ្លាស់ប្តូរនិងការធ្វើឱ្យឧស្សាហកម្មបែបប្រពៃណីមានភាពប្រសើរឡើងប៉ុណ្ណោះទេ ថែមទាំងចូលរួមបង្កើតមុខជំនួញថ្មីៗជាច្រើនទៀតផងដែរ។ បច្ចេកវិទ្យា 5G បានក្លាយជាកំលាំងថាមពលថ្មីមួយទៀត ដែលអាចអោយយើងអាចទាញយកនូវបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ដែលជាកត្តាជម្រុញមួយក្នុងការសម្រេចចក្ខុវិស័យ២០៥០ ដែលបានដាក់ចេញដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រែក្លាយព្រះរាជាណាចក្រកម្ពុជា ទៅជាប្រទេសមានចំណូលខ្ពស់”។
បន្ទាប់ពីពិធីបិទបានបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ និងគណៈប្រតិភូបានអញ្ជើញទស្សនកិច្ចមជ្ឈមណ្ឌលពិព័រណ៍R&D (Executive Briefing Center) នៃក្រុមហ៊ុន Huawei នៅទីក្រុងប៉េកាំង។ ក្រុមហ៊ុន Huawei បានបង្ហាញនូវផលិតផលនិងដំណោះស្រាយចុងក្រោយនៃ ប្រព័ន្ធ 5G និងបទបង្ហាញស្តីអំពីបទពិសោធន៍នៃបច្ចេកវិទ្យា5G សម្រាប់ទីផ្សារពិភពលោក។ នៅពេលទស្សនកិច្ចនោះ គណ:ប្រតិភូកម្ពុជាបានស្វែងយល់ពីការប្រើប្រាស់បច្ចេកវិទ្យា5G នៅក្នុងវិស័យផ្សេងៗ ដូចជា ទីក្រុងឆ្លាតវៃ ការអប់រំឆ្លាតវៃ សុខាភិបាលឆ្លាតវៃ សន្តិសុខសណ្តាប់ធ្នាប់ និង វិស័យផ្សេងៗទៀត ដែលបច្ចេកវិទ្យានេះ នឹងជួយដល់ការបង្កើនប្រសិទ្ធភាពការងារ និងគុណភាពនៃជីវិត នាពេលអនាគត៕