ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាស្តីពី ការស្វែងយល់អំពីបច្ចេកវិទ្យាក្លោដសម្រាប់សេវាកម្មអនឡាញទំនើប(Discover the Cloud Technology for a Modern Online Service)
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី “ការស្វែងយល់អំពីបច្ចេកវិទ្យាក្លោដសម្រាប់សេវាអនឡាញទំនើប (Discover the Cloud Technology for a Modern Online Service) “។ សិក្ខាសាលានេះត្រូវបានរៀបចំដោយនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រោមការគាំទ្រដោយក្រសួងប្រៃសណីយ៍និងទូរគនាគមន៍ ព្រមទាំងមានការអញ្ជើញចូលរួមពីក្រសួង – ស្ថាប័នរាជរដ្ឋាភិបាល វិស័យឯកជន គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ សហគ្រាសមីក្រូ-ធនតូច និងមធ្យម និងគ្រឹះស្ថានឧត្តមសិក្សា ដោយមានសិក្ខាកាមចូលរួមសរុបប្រមាណជា ១២៥នាក់។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ សុខ ពុទ្ធិវុធ បានមានប្រសាសន៍ថា គោលបំណងរបស់សិក្ខាសាលាថ្ងៃនេះគឺដើម្បីចែករំលែកចំណេះដឹងផ្លាស់ប្តូរបទពិសោធន៍ពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យាក្លោដដែលត្រូវបាន ប្រើប្រាស់នៅក្នុងរដ្ឋាភិបាលឌីជីថល ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិក ឬសេវាអនឡាញផ្សេងៗទៀត ហើយនឹងពិភាក្សាទៅលើសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដែលជាផ្នែកមួយដ៏មានសារៈសំខាន់ណាស់សម្រាប់ប្រព័ន្ធទាំងអស់។ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយកម្ពុជានឹងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសដែលមានប្រាក់ចំណូលខ្ពស់ក្នុងឆ្នាំ ២០៥០ ដែលទាមទារឱ្យមានកិច្ចការជាច្រើនដែលត្រូវធ្វើ ដែលក្នុងនោះក៏មានការផ្លាស់ប្តូរសេដ្ឋកិច្ចបែបប្រពៃណីឆ្ពោះទៅកាន់សេដ្ឋកិច្ចបែបឌីជីថល និងការត្រៀមខ្លួនចាប់យកបដិវត្តន៍ឧស្សាហកម្មទី៤ ដែលនឹងមកដល់នាពេលខាងមុខនេះ។ ឯកឧត្តមរដ្ឋលេខាធិការ បានបន្តទៀតថា ការធ្វើទំនើបកម្មបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្នុងលក្ខណៈទូលំទូលាយមួយគឺត្រូវធ្វើជាការចាំបាច់ ដែលរួមមានទាំងហេដ្ឋារចនាសម្ព័ន្ធ សេវាកម្ម និងជាពិសេសនោះគឺការពង្រឹងសមត្ថភាពធនធានមនុស្ស ដើម្បីដើរឱ្យទាន់បច្ចេកវិទ្យា។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ សង្ឃឹម និងជឿជាក់ថា សិក្ខាសាលាថ្ងៃនេះនឹងផ្តល់នូវចំណេះដឹងថ្មីៗ និងបទពិសោធន៍ដើម្បីបង្កើនសមត្ថភាពបច្ចេកទេសដល់អ្នកជំនាញនៅកម្ពុជា ដើម្បីជាការរួមចំណែកធ្វើឱ្យប្រសើរឡើងផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន៕