ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញចែកសញ្ញាបត្រថ្នាក់បរិញ្ញាបត្រដល់និស្សិតជំនាន់ទី២ របស់វិទ្យាស្ថានជាតិ (និបទិក-NIPTICT)
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចែកសញ្ញាបត្រថ្នាក់បរិញ្ញាបត្រដល់និស្សិតជំនាន់ទី២ ចំនួន ៥៣នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យនៅវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ និង បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (និបទិក-NIPTICT)។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង ប.ទ ភ្ញៀវជាតិនិងអន្តរជាតិ តំណាងស្ថានទូតជប៉ុន ព្រមទាំងសាស្ត្រាចារ្យ មាតា បិតា អាណាព្យាបាល និងនិស្សិតនៃវិទ្យាស្ថានជាតិនិបទិក យ៉ាងច្រើនកុះករ។
តាមរបាយការណ៍ស្វាគមន៍របស់ ឯកឧត្តម សេង សុភាព ប្រធានវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) បានបញ្ជាក់ថា នេះជានិសិ្សតជំនាន់ទី២ដែលទទួលបានជោគជ័យក្នុងការសិក្សារយៈពេល៤ឆ្នាំនៅវិទ្យាស្ថាននិបទិក។ វិទ្យាស្ថានបានយកចិត្តទុកដាក់ជំរុញភាពជាដៃគូ ជាមួយវិស័យឯកជន ពិសេសយើងបានចុះអនុស្សរណៈយោគយល់ជាច្រើនជាមួយគ្រឹៈស្ថានអប់រំ វិទ្យាស្ថានអប់រំ វិទ្យាស្ថានស្រាវជ្រាវ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ផ្សេងៗទៀតទាំងក្នុង និងក្រៅប្រទេសហេតុនេះនិស្សិតដែលបានទទួលសញ្ញាបត្រនៅពេលនេះនឹងទទួលបានការងារធ្វើហើយមួយចំនួនត្រូវបានបន្តការសិក្សានៅក្រៅប្រទេសពោលគឺ ពុំមាននិស្សិតណាមិនមានការងារធ្វើនោះឡើយ។
ក្នុងឱកាសដ៏វិសេសវិសាលនាពេលនោះ ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានមានប្រសាសន៍ថា វិទ្យាស្ថានជាតិនិបទិក ជាសេនាធិការដ៏សកម្មរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងការចូលរួមកសាងខឿនសេដ្ឋកិច្ចឌីជីថលនៅកម្ពុជាតាមរយៈសកម្មភាពបណ្តុះបណ្តាលធនធានមនុស្សជំនាញបច្ចេកវិទ្យាឌីជីថលដល់និស្សិតក៏ដូចជាដល់មន្រ្តីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ការគាំទ្រដល់ការងារនវានុវត្តន៍ និងសហគ្រិនភាពបច្ចេកវិទ្យានៅកម្ពុជាព្រមទាំងធ្វើការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) លើបច្ចេកវិទ្យាថ្មីៗដូចជា បច្ចេកវិទ្យាភាសាខ្មែរក្នុងប្រព័ន្ធកុំព្យូទ័រ បញ្ញាសិប្បនិម្មិត វិទ្យាសាស្ត្រទិន្នន័យក៏ដូចជា បច្ចេកវិទ្យាជួយកាត់បន្ថយគម្លាតឌីជីថលរវាងទីជនបទ និងទីក្រុងជាដើម។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវអំណរសាទរចំពោះនិស្សិតទាំងពីរជំនាន់ដែលបានបញ្ចប់ការសិក្សានៅវិទ្យាស្ថានជាតិនិបទិក ហើយទទួលបានការងារធ្វើ ជាពិសេសនិស្សិតមួយចំនួនបាននឹងកំពុងធ្វើការនៅក្រុមហ៊ុនធំៗជាច្រើនដូចជា Smart Axiata, Metfone, CamGSM EZECOM និងHuawei ជាដើម ហើយទទួលបានប្រាក់ខែខ្ពស់គួរជាទីកត់សម្គាល់។ ទាំងនេះសបញ្ជាក់អោយឃើញយ៉ាងច្បាស់ពីប្រសិទ្ធភាពនៃការអប់រំ និងបណ្តុះបណ្តាលរបស់វិទ្យាស្ថានជាតិ ដែលអាចផលិតធនធានមនុស្សឆ្លើយតបនឹងតំរូវការទីផ្សារ និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ក្នុងបរិបថនៃឧស្សាហកម្ម៤.០ ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា៕