ជំនួបពិភាក្សាការងារជាមួយនាយកប្រតិបត្តិក្រុមហ៊ុនស្មាត អាស្យាតា
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានជួបពិភាក្សាការងារតាមវីដេអូនៃសន្និសីទ (Video Conference) ជាមួយលោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុនស្មាត អាស្យាតា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រោមឱវាទក្រសួងពាក់ព័ន្ធផងដែរ។
លោក Thomas Hundt បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រី អំពីសកម្មភាពធុរកិច្ចរបស់ក្រុមហ៊ុនស្មាត អាស្យាតា នៅកម្ពុជាជាងមួយទស្សវត្សកន្លងមកនេះដោយក្រុមហ៊ុនបានបង្កើនទុនវិនិយោគជាបន្តបន្ទាប់ដើម្បីនាំយកបច្ចេកវិទ្យាថ្មីៗជូនដល់អ្នកប្រើប្រាស់ក៏ដូចជាដើម្បីបន្តចូលរួមចំណែកអភិវឌ្ឍកម្ពុជា។ លោកនាយកប្រតិបត្តិក៏បានបញ្ជាក់អំពីគុណតម្លៃរបស់ក្រុមហ៊ុនដោយផ្តោតលើតម្លាភាព និងនិរន្តរភាព ព្រមទាំងការបេជ្ញាចិត្តគាំទ្រដល់កំណែទម្រង់ថ្មីៗរបស់ក្រសួង។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមហ៊ុនស្មាត អាស្យាតា និងប្រតិបត្តិករមួយចំនួនទៀតដែលបានចូលរួមយ៉ាងសកម្មជាមួយគំនិតផ្តួចផ្តើមនានារបស់ក្រសួងនិងរាជរដ្ឋាភិបាលក្នុងការ ចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនក្រុមហ៊ុនអំពីការងារអាទិភាពរបស់ក្រសួងក្នុងការរៀបចំនិងអនុវត្តន៍ក្របខណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថល, ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថល ក៏ដូចជាការគ្រោងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទូរគមនាគន៍ឥតខ្សែជំនាន់ទី៥ (5G) និងសេវាអនឡាញផ្សេងៗ តាមរយៈការអភិវឌ្ឍប្រកបដោយភាពវៃឆ្លាតនូវហេដ្ឋារចនាសម្ព័ន្ធទូរគមនាគន៍ ដើម្បីជាមូលដ្ឋានរឹងមាំមួយក្នុងការកាត់បន្ថយគន្លាតឌីជីថល, និងការលើកកម្ពស់ភាពប្រកួតប្រជែងជាតិ ជាដើម។ ដើម្បីជាកម្លាំងចលករបន្ថែមក្នុងការនាំយកកម្ពុជាចូលទៅក្នុងយុគ្គសម័យបដិវត្តន៍ឧស្សាហកម្មទី៤ ឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់ពីគម្រោងប្រមូលផ្តុំក្រុមអ្នកទេពកោសល្យបច្ចេកវិទ្យាឌីជីថលវ័យក្មេង (Digital Talent) ដែលមានថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ឱ្យពួកគាត់ធ្វើការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗបម្រើដល់ស្ថាប័នរដ្ឋ វិស័យអប់រំ និងសហគមន៍ជំនួញ។