កិច្ចប្រជុំពិភាក្សាលើសំណើសុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងផែនការនៃកិច្ចសហប្រតិបត្តិការលើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ នៃបណ្តាប្រទេសមេគង្គ-ឡានឆាង ២០២០-២០៣០
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើសំណើសុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងផែនការនៃកិច្ចសហប្រតិបត្តិការលើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនៃបណ្តាប្រទេសមេគង្គ-ឡានឆាង ២០២០-២០៣០ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស និងអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យនិងផ្តល់យោបល់លើសេចក្តីព្រាងផែនការនៃកិច្ចសហប្រតិបត្តិការលើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនៃបណ្តាប្រទេសមេគង្គ-ឡានឆាង ២០២០-២០៣០។ ផែនការនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ការបង្កើតការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងចំណោមប្រទេសក្នុងតំបន់មេគង្គ-ឡានឆាង និងផ្តល់នូវទិសដៅបង្ហាញផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការដោយផ្តោតការយកចិត្តទុកដាក់លើការខិតខំប្រឹងប្រែងសំខាន់ៗសំដៅជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការផ្លាស់ប្តូរវប្បធម៌រវាងគ្នា ក៏ដូចជាកសាងនូវសហគមន៍មួយដែលចែករំលែកអនាគតនៃសន្តិភាព និងវិបុលសុខជាមួយគ្នាក្នុងចំណោមបណ្តាប្រទេសមេគង្គ-ឡានឆាង។ ម្យ៉ាងវិញទៀត ផែនការនេះ ក៏នៅជួយដល់រដ្ឋាភិបាលនៃបណ្តាប្រទេសមេគង្គ-ឡានឆាង ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍ និងអនុវត្តគម្រោងនានាក្នុងការធ្វើអោយប្រសើរឡើងនូវការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការជំរុញការវិនិយោគ នៅក្នុងតំបន់មេគង្គ-ឡានឆាង៕