ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែរបស់ថ្នាក់ដឹកនាំក្រសួង

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែ ដោយមានការចូលរួមពីថ្នាក់ដឹកនាំពាក់ព័ន្ធក្រោមឱវាទក្រសួង។ កិច្ចប្រជុំនេះផ្តោតជាសំខាន់លើការបង្ហាញពីការងារកំណែទម្រង់ ការកែសម្រួលនីតិវិធីការងារ ការបង្កើតក្រុមការងាររៀបចំគោលនយោបាយសំខាន់ៗ ដែលបានដាក់ចេញកន្លងមក និងបញ្ហាផ្សេងៗផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអង្គប្រជុំអំពីកំណែទម្រង់នីតិវិធីរដ្ឋបាលផ្ទៃក្នុងក្រសួង និងនីតិវិធីបង្កើតការប្រមូលចំណូលជាពិសេសចំណែកនៃផលចំណូល ឱ្យបានត្រឹមត្រូវតាមច្បាប់ទូរគមនាគមន៍។ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់មន្ត្រីរាជការ ក្រសួងរៀបចំផ្លាស់ប្តូរការបើកប្រាក់រង្វាន់លើកទឹកចិត្តដែលកំពុងអនុវត្តបច្ចុប្បន្ន (ការសរុបប្រាក់រង្វាន់ចំនួន២ខែ ហើយបើកផ្តល់ជូនរៀងរាល់២ខែម្តង) ទៅជាការបើកប្រាក់រង្វាន់ជារៀងរាល់ខែវិញ និងផ្តល់ប្រាក់រង្វាន់សម្រាប់ជួយឧបត្ថម្ភជីវភាពបន្ថែមជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យាទាំងអស់ ដែលបំពេញការងារនៅរដ្ឋបាលកណ្តាលនៃក្រសួង ចំនួន ៤០.០០០ (បួនម៉ឺន) រៀល ជារៀងរាល់ខែ និងនៅគ្រប់មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្ត ចំនួន ២០.០០០ (ពីរម៉ឺន) រៀល ជារៀងរាល់ខែ ដោយចាប់អនុវត្តពីខែឧសភា ឆ្នាំ២០២០ នេះតទៅ។

ជាមួយគ្នានេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យកែសម្រួលនិងរៀបចំបទប្បញ្ញត្តិបន្ថែម ព្រមទាំងបង្កើត “ច្រកចេញចូលតែមួយ” ដើម្បីបង្កើនល្បឿនក្នុងការផ្តល់សេវាសាធារណៈឱ្យបានឆាប់រហ័ស មានតម្លាភាព ប្រសិទ្ធភាព ផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់អ្នកប្រើប្រាស់សេវាក្នុងវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍។ ក្រុមការងារមួយចំនួនត្រូវបានបង្កើតឡើងដើម្បីដោះស្រាយតម្រូវការបន្ទាន់ដូចជាសេចក្តីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថល, ឌីជីថលនីយកម្មក្រសួង, ការគ្រប់គ្រងនិងបែងចែកហ្វ្រេកង់ស៍ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក (E-Learning) ជាដើម។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់ចូលរួមគោរពទង់ជាតិ ដែលជាដួងព្រលឹងជាតិ និងដើម្បីសម្ដែងនូវសេចក្ដីគោរពដឹងគុណដល់អ្នកតស៊ូក្នុងបុព្វហេតុការពារជាតិមាតុភូមិព្រមទាំងអ្នកដែលបានកសាងអភិវឌ្ឍន៍ជាតិប្រកបដោយសុខសន្តិភាពនិងចីរភាព។

អត្ថបទជាប់ទាក់ទង