ឯកឧត្តម ជា វ៉ាន់ដេត បានអញ្ជើញចូលរួមពិធីបើកសម្ពោធឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលចិន-អាស៊ាន តាមរយៈសន្និសីទវីដេអូ
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចូលរួមពិធីបើកសម្ពោធឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលចិន-អាស៊ាន តាមរយៈសន្និសីទវីដេអូ ដោយមានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីនិង មន្ត្រីជាន់ខ្ពស់ ក្រសួង ទូរគមនាគមន៍របស់ប្រទេសសមាជិកអាស៊ានទាំង ១០ និងរដ្ឋមន្ត្រីក្រសួង ឧស្សាហកម្មនិងបច្ចេកវិទ្យាព័ត៌មាន ចិន។ ប្រទេសសមាជិកអាស៊ាន និងចិនបានឯកភាពគ្នាថាបច្ចេកវិទ្យាឌីជីថល គឺជាឃ្នាស់ សេដ្ឋកិច្ចយ៉ាង សំខាន់ ជាពិសេសត្រូវជំរុញការប្រើប្រាស់បច្ចេកវិទ្យានេះក្នុងដំណាក់កាលដែលពិភពលោកកំពុងប្រឈមមុខនឹងជំងឺកូវីដ-១៩ ។ បច្ចេកវិទ្យាឌីជីថល និងសេដ្ឋកិច្ចឌីជីថល បង្កើតឱកាស សេដ្ឋកិច្ច យ៉ាងសំបូរបែប ហើយ អាចជំរុញ ឱ្យជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់កាន់តែប្រសើរ។ ឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលចិន-អាស៊ានរៀបចំឡើងឆ្លើយតបនឹងសភាពការណ៍ខណៈពេលដែលសមាជិក ទាំងអស់ ធ្វើការអះអាងជាថ្មីអំពីសារសំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។
ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញសមាជិកទាំងឱ្យសហការគ្នាយ៉ាងជិតស្និតដើម្បីចាប់យកឱកាសពីយុគ្គសម័យឌីជីថល ព្រមទាំង ពង្រឹង ភាព ជាដៃគូ ក្នុងការកសាង ឌីជីថលនីយកម្មក្នុងតំបន់ប្រកបដោយ គុណតម្លៃ ទំនុកចិត្ត និងសុវត្ថិភាព។