ឯកឧត្តម ជា វ៉ាន់ដេត បានអនុញ្ញាតឲ្យ លោកជំទាវ Eva NGUYEN BINH ឯកអគ្គរដ្ឋទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ

រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអនុញ្ញាតឲ្យលោកជំទាវ Eva NGUYEN BINH ឯកអគ្គរដ្ឋទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់លោកជំទាវឯកអគ្គរដ្ឋទូត និងបានថ្លែងអំណរគុណចំពោះចំណងមិត្តភាពដ៏យូរអង្វែង និងការចូលរួមរបស់សាធារណរដ្ឋបារាំង ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ព្រះរាជាណាចក្រកម្ពុជា។

លោកជំទាវ Eva NGUYEN BINH បានអបអរសាទរចំពោះការឡើងកាន់តំណែងរបស់ឯកឧត្តមរដ្ឋមន្ត្រី និងបានជម្រាបជូនពីកិច្ចសហប្រតិបត្តិការដែលបារាំងបាននិងកំពុងធ្វើនៅកម្ពុជា ពិសេសទាក់ទងនឹងការបណ្តុះបណ្តាល និងការស្រាវជ្រាវ។ លោកជំទាវអគ្គរដ្ឋទូតបានជម្រាបជូនពីកិច្ចសហប្រតិបត្តិការដែលបានធ្វើជាមួយវិទ្យាស្ថានជាតិNIPTICT ដែលបានរួមគ្នាក្នុងការផ្តល់អាហារូបករណ៍ទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សា នៅប្រទេសបារាំង ក៏ដូចជាការគ្រោងដាក់ស្តង់ពិព័រណ៍របស់French Tech ដែលជាបណ្តុំនៃក្រុមហ៊ុនបារាំង ក្នុងពិព័រណ៍Digital Cambodia នៅពេលខាងមុខផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនភ្ញៀវអំពីការងារអាទិភាពនានារបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងតម្រូវការនៃជំនួយផ្នែកបច្ចេកទេសរបស់បារាំង លើការអភិវឌ្ឍធនធានមនុស្ស ពិសេសលើផ្នែកបច្ចេកវិទ្យាឌីជីថល។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថាពីការងារដែលក្រសួងបាននិងកំពុងយកចិត្តទុកដាក់នាពេលបច្ចុប្បន្ន ក្នុងនោះរួមមានការរៀបចំក្របខណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថល ការរៀបចំឌីជីថលនីយកម្មក្រសួង ការ បណ្តុះបណ្តាល កសាងសមត្ថភាពមន្រ្តី រាជការ នៅក្រសួង និងនៅតាម មន្ទីរខេត្ត ការរៀបចំច្បាប់ស្តីសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដែលគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំនេះ។
-រូបថតដោយ បូ ពន្លកបញ្ញា
-អត្ថបទដោយ ហ៊ន ធារ៉ា
-បកប្រែទៅភាសាអង់គ្លេសដោយ ថន សុធារិន

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍