ពិធីចុះហត្ថលេខាលើប្រកាសអន្តរក្រសួង ស្តីពីវិធានការទប់ស្កាត់ និងលុបបំបាត់ការឆ្លងរំខានចូលហ្រេ្វកង់ស៍ប្រព័ន្ធឧបករណ៍វិទ្យុនាំផ្លូវអាកាសនៅក្នុងដែនអាកាសនៃព្រះរាជាណាចក្រកម្ពុជា

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួងព័ត៌មាន ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រួមជាមួយ ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើប្រកាសអន្តរក្រសួង ស្តីពីវិធានការទប់ស្កាត់ និងលុបបំបាត់ការឆ្លងរំខានចូលហ្រេ្វកង់ស៍ប្រព័ន្ធឧបករណ៍វិទ្យុនាំផ្លូវអាកាសនៅក្នុងដែនអាកាសនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានគូសបញ្ជាក់ថាក្នុងនាមជាក្រសួងដែលគ្រប់គ្រងហ្រ្វេកង់ស៍វិទ្យុ ក្រសួងនឹងបន្តសហការយ៉ាងជិតស្និត្ធជាមួយក្រសួងព័ត៌មាន រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងស្ថាប័នពាក់ព័ន្ធផ្សេងទៀតក្នុងការផ្លាស់ប្តូរព័ត៌មាន ធ្វើការសិក្សាស្រាវជ្រាវ ចាត់វិធានការទប់ស្កាត់ និងលុបបំបាត់ការឆ្លងចូលហ្វ្រេកង់ស៍ប្រព័ន្ធឧបករណ៍វិទ្យុនាំផ្លូវអាកាស (Aeronautical Radio Navigation System) បានទាន់ពេលវេលា ដើម្បីធានាថាតំបន់ហោះនៅក្នុងដែនអាកាសនៃព្រះរាជាណាចក្រកម្ពុជាមានសុវត្ថិភាព និងលុបបំបាត់ការឆ្លងរំខានចូលហ្រេ្វកង់ស៍ប្រព័ន្ធឧបករណ៍វិទ្យុនាំផ្លូវអាកាស។
ឯកឧត្តមរដ្ឋមន្ត្រីទាំង៣រូប បានប្តេជ្ញារៀបចំយន្តការរួមគ្នាក្នុងការត្រួតពិនិត្យ ទប់ស្កាត់ និងលុបបំបាត់ការប្រើប្រាស់ហ្វ្រេកង់ស៍វិទ្យុ ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ និងធានាសុវត្ថិភាពប្រតិបត្តិការអាកាសយាន(ហោះចេញ-ចូលព្រះរាជាណាចក្រកម្ពុជា)។

-រូបថតដោយ បូ ពន្លកបញ្ញា
-បកប្រែជាភាសាអង់គ្លេសដោយ ថន សុធារិន

អត្ថបទជាប់ទាក់ទង