ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ “ ប្រព័ន្ធគ្រប់គ្រងសារនិងទីតាំងសម្រាប់ទទួលព័ត៌មាន និងទិន្នន័យនៃប្រជាពលរដ្ឋអំពីជំងឺកូវីដ-១៩ ”

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១០កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ “ ប្រព័ន្ធគ្រប់គ្រងសារនិងទីតាំងសម្រាប់ទទួលព័ត៌មាន និងទិន្នន័យនៃប្រជាពលរដ្ឋអំពីជំងឺកូវីដ-១៩ ” ក្រោមកិច្ចសហការរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងសុខាភិបាល ដើម្បីចូលរួមក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ពិធីនេះមានការអញ្ជើញចូលរួមពី លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំមន្ត្រីរាជការ និងភ្ញៀវកិត្តិយសជាច្រើនកុះករ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានមានប្រសាសន៍ថា លទ្ធផលដែលទទួលបាននៅថ្ងៃនេះបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចូលរួមបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយប្រើប្រាស់នូវគ្រប់មធ្យោបាយគ្រប់វិស័យពាក់ព័ន្ធ ព្រមទាងការប្រើប្រាស់នូវរាល់បច្ចេកវិទ្យានិងធនធានមនុស្សក្នុងស្រុកផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តទៀតថា ប្រព័ន្ធគ្រប់គ្រងនេះពិតជាមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋទូទៅ ដោយប្រព័ន្ធនេះនឹងផ្ញើសារជាសំឡេងដោយស្វ័យប្រវត្តិទៅកាន់ពួកគាត់ដែលសង្ស័យថាខ្លួនមានផ្ទុកជំងឺកូវីដ-១៩ ដើម្បីតាមដានសុខភាពរបស់ពួកគាត់ដោយខ្លួនឯង។ បន្ថែមលើនេះ អាជ្ញាធរមានសមត្ថកិច្ចអាចកំណត់អត្តសញ្ញាណប្រជាពលរដ្ឋដែលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ និងទទួលបានព័ត៌មាននិងទិន្នន័យចាំបាច់មួយចំនួនដើម្បីឈានទៅកំណត់អត្តសញ្ញាណនៃក្រុមបុគ្គលដែលអាចមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ-១៩។ ជាងនេះទៅទៀត ប្រព័ន្ធនេះនឹងជួយបញ្ជៀសការកកស្ទះដល់ប្រព័ន្ធ ១១៥ ដែលមានស្រាប់របស់ក្រសួងសុខាភិបាល ដើម្បីអនុញ្ញាតឱ្យយើងអាចទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្លាំងឡើងថែមទៀត។

ឆ្លៀងក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យក្រុមការងារក្រសួងទាំងពីរបន្តសហការកែលម្អ និងអភិវឌ្ឍន៍ប្រព័ន្ធនេះឱ្យបានកាត់តែល្អប្រសើរ និងពង្រីកវិសាលភាពឱ្យកាន់តែទូលំទូលាយជាងនេះបន្ថែមទៀត។ ឯកឧត្តមរដ្ឋមន្ត្រី សង្ឈឹមយ៉ាងមុតមាំថា ប្រព័ន្ធនេះនឹងអាចជួយលើកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីក្រសួងសុខាភិបាលដែលជាសេនាធិការជួរមុខរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់រលកទីពីរនៃការរីករាលដាលនៃជំងឺកូវីដ-១៩នេះបានដោយមានប្រសិទ្ធភាព៕

-រូបថតដោយ បូ ពន្លកបញ្ញា
-បកប្រែជាភាសាអង់គ្លេសដោយ ថន សុធារិន

អត្ថបទជាប់ទាក់ទង