ឯកឧត្តម ជា វ៉ាន់ដេត បានជួបពិភាក្សាការងារតាមរយៈប្រព័ន្ធវីដេអូជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានជួបពិភាក្សាការងារតាមរយៈប្រព័ន្ធវីដេអូជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានដឹកនាំដោយ លោក Alexander Feldman ប្រធានក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដោយមានការចូលរួមពីតំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងក្រុមហ៊ុនវិនិយោគធំៗរបស់សហរដ្ឋអាមេរិកជាច្រើនរួមមាន ក្រុមហ៊ុន Amazon ក្រុមហ៊ុន Facebook ក្រុមហ៊ុន Chevron ក្រុមហ៊ុន ConocoPhillips ក្រុមហ៊ុន GE ក្រុមហ៊ុន Ford និង ក្រុមហ៊ុន Visa ជាដើម។ គោលបំណងនៃជំនួបពិភាក្សា នេះ គឺដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការស្វែងយល់ពីស្ថានភាពវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ព្រមទាំងឱកាសវិនិយោគ និងការពង្រីកពាណិជ្ជកម្មរបស់ក្រុមហ៊ុនអាមេរិកបន្ថែមនៅកម្ពុជា ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីស្ដារសេដ្ឋកិច្ចបន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ-១៩។
ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបង្ហាញអំពីជំហគាំទ្រដល់ ក្រុមហ៊ុនអាមេរិកទាំងអស់មកវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើន ជាពិសេសជំរុញឱ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗបើកការិយាល័យតំណាងនៅកម្ពុជា។ ក្រសួងនឹងសហការជាមួយក្រុមហ៊ុន ក្នុងការសិក្សាពីគោលនយោបាយក្លោដ មជ្ឈមណ្ឌលរក្សាទិន្នន័យ និងការកសាងសមត្ថភាពជំនាញឌីជីថលសម្រាប់គ្រឹះស្ថានសិក្សា និងសហគ្រាសជាដើម។
ក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិក បានបង្ហាញអំពីការគាំទ្រការរៀបចំគោលនយោបាយសេដ្ឋកិច្ចឌីជីថលកម្ពុជា រដ្ឋាភិបាលឌីជីថល និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីកម្ពុជា-អាមេរិក ក្នុងឱកាសខួប៧០ឆ្នាំនៃការភ្ជាប់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងបានសាទរចំពោះកំណើនទំហំពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យបច្ចេកវិទ្យា។
ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនគណៈប្រតិភូ អំពីវិធានការកំណែទម្រង់នាពេលថ្មីៗ របស់ក្រសួង និង បានឆ្លើយតបនូវក្ដីកង្វល់អំពីការៀបចំអនុក្រឹត្យស្តីពីការបង្កើតច្រកទ្វារអ៊ិនធឺណិតជាតិថា គ្រប់ប្រទេសទាំងអស់មានការរៀបចំច្រកទ្វារអុីនធឺណិតអន្តរជាតិ ដែលអាចមាន ៣ ទម្រង់ គឺ៖ (១) ច្រកទ្វារអុីនធឺណិតអន្តរជាតិតែមួយ (២) ច្រកទ្វារអុីនធឺណិតអន្តរជាតិមានចំនួនកំណត់ និង (៣) ច្រកទ្វារអុីនធឺណិតអន្តរជាតិច្រើន។ កន្លងមកមានការព្រួយបារម្ភពីមជ្ឈដ្ឋាននានាថាកម្ពុជានឹងជ្រើសរើសយកទម្រង់ទី ១ (ច្រកទ្វារអុីនធឺណិតអន្តរជាតិតែមួយ) ក៏ប៉ុន្តែសេចក្តីព្រាងអនុក្រឹត្យស្ដីពីការបង្កើតច្រកទ្វារអុីនធឺណិតជាតិ ពុំបានកំណត់ឱ្យមានតែប្រតិបត្តិករគ្រប់គ្រងច្រកទ្វារអ៊ីនធឺណិតជាតិតែមួយនោះទេ។
-រូបថតដោយ បូ ពន្លកបញ្ញា
-បកប្រែជាភាសាអង់គ្លេសដោយ ថន សុធារិន