អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់យុវជនយុវនារីកម្ពុជា

បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជាបានសម្រេចផ្តល់     “អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ Techo Digital Talent Scholarship” ចំនួន ១០០ កន្លែង ដែលមានតម្លៃ ១៧.០០០ ដុល្លារ ក្នុងនិស្សិតម្នាក់សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញ​បច្ចេកវិទ្យាឌីជីថលនៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីថលកម្ពុជា (អតីតវិទ្យាស្ថានជាតិ NIPTICT) មក បានធ្វើឱ្យមាន​ការចាប់អារម្មណ៍យ៉ាងខ្លាំងក្លាពីសំណាក់យុវជនយុវនារីយើងមកលើកម្មវិធីអាហារូបករណ៍នេះ។ ជាក់ស្តែងគិតត្រឹម​ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីថលកម្ពុជាទទួលបានបេក្ខជន ដាក់ពាក្យសរុបចំនួន​រហូតដល់ ២.២០៧នាក់ ក្នុងនោះមានបេក្ខនារីចំនួន ៨៣៤ នាក់។

បេក្ខជនជ័យលាភី “អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ” ម្នាក់ៗនឹងទទួលបានអាហារូបករណ៍ដែលមាន​តម្លៃសរុបប្រមាណ ១៧.០០០ ដុល្លារ សម្រាប់ការសិក្សា ៤ឆ្នាំ ក្នុងនោះមានប្រាក់ឧបត្ថម្ភ ១២០ដុល្លារ ក្នុងមួយខែ ព្រមទាំងផ្តល់កុំព្យូទ័រយួរដៃ មួយគ្រឿងសម្រាប់ការសិក្សាផងដែរ។ អាហារូបករណ៍នេះនឹងផ្តល់ជូនដល់និស្សិតឆ្នើម​ដើម្បីមកសិក្សានៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីថលកម្ពុជា (អតីតវិទ្យាស្ថានជាតិ NIPTICT) ដែលជាគ្រឹះស្ថានអប់រំ​ស្រាវជ្រាវរដ្ឋឈានមុខគេក្នុងការបណ្តុះបណ្តាល ជំនាញបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា លើជំនាញបរិញ្ញាបត្រ (១) ទូរគមនាគមន៍និងបណ្ដាញ Telecoms & Networking  (២) វិទ្យាសាស្ត្រកុំព្យូទ័រ Computer Science  និង (៣) ពាណិជ្ជកម្មអេឡិចត្រូនិក e-Commerce ។

នេះគឺជាលើកទី១ហើយនៅកម្ពុជា ដែលគ្រឹះស្ថានអប់រំស្រាវជ្រាវសាធារណៈបានផ្តល់នូវអាហារូបករណ៍ដ៏ពិសេស​មួយក្នុងបំណងលើកស្ទួយធនធានមនុស្សក្នុងវិស័យបច្ចេកវិទ្យាឌីជីថល ក្រោមការគិតគូរយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់​របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីលើកទឹកចិត្តដល់យុវជនយុវនារីឆ្នើមកម្ពុជាឲ្យសិក្សាជំនាញឌីជីថលហើយ​ក្លាយខ្លួនជាអ្នកដឹកនាំលើវិស័យនេះនាពេលអនាគត ក្នុងខណៈដែលប្រទេសយើងកំពុងតែកសាងខឿនសេដ្ឋកិច្ច​ឌីជីថល និងឈានទៅអភិវឌ្ឍឧស្សាហកម្មជំនាន់ទី៤។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមអំពាវនាវដល់​ក្មួយៗ សិស្សានុសិស្សដែលបានជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ផ្នែកវិទ្យាសាស្ត្រ ដែលមានបំណងសិក្សា​ជំនាញបច្ចេកវិទ្យា តែមិនទាន់បានដាក់ពាក្យប្រឡង សូមរួសរាន់មកដាក់ពាក្យនៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល (អតីតវិទ្យាស្ថានជាតិ NIPTICT) ចាប់ពីថ្ងៃនេះ  រហូតដល់ថ្ងៃទី១៤ខែកុម្ភៈ ឆ្នាំ២០២១។

បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាស្ថាប័នឧត្តមសិក្សាមួយដែលមាន​កម្មវិធី​សិក្សានិងវិធីសាស្រ្តបង្រៀន​យ៉ាងសម្បូរបែប ដោយមានបញ្ចូលជំនាញបច្ចេកទេស​ (Technical Skill) ជំនាញទុន (Soft Skill) សហគ្រិនភាព (Entrepreneurship) ភាពជាអ្នកដឹកនាំ​(Leadership) ​និងថែមទាំង​មានដាក់​បញ្ចូលនូវកម្មសិក្សាចំនួនពីរដងនៅក្រុមហ៊ុន ដើម្បីឱ្យនិស្សិតរបស់យើងចាប់បាននូវចំណេះដឹង ចំណេះធ្វើ និង​ជំនាញយ៉ាងពិតប្រាកដ ក្លាយខ្លួនជាអ្នកដឹកនាំលើវិស័យបច្ចេកវិទ្យាឌីជីថលស្របតាមបំណងប្រាថ្នារបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលចង់បានធនធានមនុស្សដ៏ឆ្នើមដើម្បីចូលរួមកសាងប្រទេសជាតិ។

បេក្ខជនដែលមានបំណងសុំ​អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ សូមចុះឈ្មោះប្រឡងប្រជែង​តាមរយៈ​គេហទំព័រ ​​www.niptict.edu.kh/apply ។​ សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងបណ្ឌិត្យសភាឌីជីថល​កម្ពុជា (អតីតវិទ្យាស្ថានជាតិ NIPTICT) តាមទូរស័ព្ទ​លេខ 010 340000 ឬអ៊ីម៉ែល info@niptict.edu.kh ។

អត្ថបទជាប់ទាក់ទង

  • សេចក្តីជូនដំណឹងស្ដីពី លទ្ធផលការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ សិក្សាថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យាឌីជីថល​ សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥

  • សេចក្តីជូនដំណឹង ស្តីពី ការដាក់ដំណើរការម៉ាស៊ីនបកប្រែ TranslateKh ជំនាន់ទី១ ដល់សាធារណជន ដោយឥតគិតថ្លៃ

  • សេចក្តីជូនដំណឹង ស្តីពី “វេទិកាបញ្ញាសិប្បនិម្មិតកម្ពុជា ឆ្នាំ២០២៤”