សេចក្តីប្រកាសព័ត៌មាន ស្តីពីការចាត់វិធានការចំពោះជនឆ្លៀតឱកាសដែលបានយកឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ទៅធ្វើអាជីវកម្មបន្ត
![](https://asset.cambodia.gov.kh/mptc/2021/07/%E1%9E%9F%E1%9F%81%E1%9E%85%E1%9E%80%E1%9F%92%E1%9E%8F%E1%9E%B8%E1%9E%87%E1%9E%BC%E1%9E%93%E1%9E%8A%E1%9F%86%E1%9E%8E%E1%9E%B9%E1%9E%84-1-scaled.jpg)
![](https://asset.cambodia.gov.kh/mptc/media/2021/07/សេចក្តីជូនដំណឹង-1-1024x724.jpg)
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា កន្លងមក ក្រសួងបានចាត់វិធានការជាបន្តបន្ទាប់ចំពោះជនឆ្លៀតឱកាស ដែលបានយកឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ទៅធ្វើអាជីវកម្មបន្ត ដែលខុសពីគោលការណ៍កំណត់ថា ឧបករណ៍នេះអាចទិញបានតែក្នុងគោលដៅប្រើប្រាស់ប៉ុណ្ណោះ។ ជាក់ស្តែង ក្រោយពីបានស៊ើបអង្កេតយ៉ាងជាក់លាក់រួចមក ក្រសួងបានកំណត់មុខសញ្ញាជនឆ្លៀតឱកាសទាំងនោះ ហើយបានចុះទៅចាត់វិធានការភ្លាមៗនៅទីតាំងចំនួន ៥ និងរឹបអូសបានឧបករណ៍តេស្តចំនួន ៤.២៥០គ្រឿង ដែលឧបករណ៍តេស្តទាំងនោះបានបញ្ជាទិញពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
ការទិញឧបករណ៍តេស្តពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍យកទៅធ្វើអាជីវកម្មបន្តនេះ ពុំបានផ្តល់ផលប្រយោជន៍អ្វីដល់ប្រជាពលរដ្ឋឡើយ ក៏ប៉ុន្តែបែរជានាំឱ្យប្រជាពលរដ្ឋខាតបង់ថវិកា ស្របពេលដែលកំពុងជួបការលំបាកពីជំងឺកូវីដ-១៩។ បច្ចុប្បន្ន ក្រសួងកំពុងបន្តនាំចូលឧបករណ៍តេស្តរហ័សនេះ មកចែកចាយក្នុងតម្លៃដើមត្រឹមតែ ៣,៧ដុល្លារអាម៉េរិក ហើយធ្វើការចែកចាយបន្តពីថ្ងៃចន្ទ ដល់ ថ្ងៃអាទិត្យ ជាមធ្យមក្នុងមួយថ្ងៃចំនួន ៣៥០ ប្រតិបត្តិការបញ្ជាទិញរបស់ក្រុមហ៊ុន សហគ្រាស រោងចក្រ ស្ថាប័ន ដោយផ្តល់អាទិភាពលើទីតាំងដែលកំពុងជួបហានិភ័យខ្ពស់ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩។
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នឹងបន្តសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីកំណត់មុខសញ្ញាជនឆ្លៀតឱកាស ហើយចាត់វិធានការឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដោយមិនបណ្តោយឱ្យជនឆ្លៀតឱកាសទាំងនោះ នៅបង្កបញ្ហា និងរំលោភបំពានលើគោលការណ៍កំណត់របស់ក្រសួង។ ក្នុងករណី មានបុគ្គលណាទិញឧបករណ៍តេស្តរហ័សនេះយកទៅលក់បន្ត សូមរាយការណ៍មកលេខ ០១៧ ៨៤៨ ១០៨ ឬ ០៦៧ ៨១៨ ៧៨២ ឬ០៧៧ ៨៦៧ ៩៥៧ ដើម្បីចូលរួមចំណែកទប់ស្កាត់ជនឆ្លៀតឱកាស និងចាត់វិធានការទាន់ពេលវេលា។
អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន។
![](https://asset.cambodia.gov.kh/mptc/media/2021/07/សេចក្តីជូនដំណឹងស្តីពី-724x1024.jpg)
![](https://asset.cambodia.gov.kh/mptc/media/2021/07/3-1024x683.jpg)
![](https://asset.cambodia.gov.kh/mptc/media/2021/07/1-1-1024x683.jpg)
![](https://asset.cambodia.gov.kh/mptc/media/2021/07/2-1024x683.jpg)
![](https://asset.cambodia.gov.kh/mptc/media/2021/07/4-1024x683.jpg)