សេចក្តីប្រកាសព័ត៌មាន ស្តីពីការចាត់វិធានការចំពោះជនឆ្លៀតឱកាសដែលបានយកឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ទៅធ្វើអាជីវកម្មបន្ត

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា កន្លងមក ក្រសួងបានចាត់វិធានការជាបន្តបន្ទាប់ចំពោះជនឆ្លៀតឱកាស ដែលបានយកឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ទៅធ្វើ​អាជីវកម្មបន្ត ដែលខុសពីគោលការណ៍កំណត់ថា ឧបករណ៍នេះអាចទិញបានតែក្នុងគោលដៅប្រើប្រាស់ប៉ុណ្ណោះ។ ជាក់ស្តែង ក្រោយពីបានស៊ើបអង្កេតយ៉ាងជាក់លាក់រួចមក ក្រសួងបានកំណត់មុខសញ្ញាជនឆ្លៀតឱកាសទាំងនោះ ហើយបានចុះទៅចាត់វិធានការភ្លាមៗនៅទីតាំងចំនួន ៥​ និងរឹបអូសបានឧបករណ៍តេស្តចំនួន ៤.២៥០គ្រឿង ដែល​ឧ​បករណ៍តេស្តទាំងនោះបានបញ្ជាទិញពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

ការទិញឧបករណ៍តេស្តពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍យកទៅធ្វើអាជីវកម្មបន្តនេះ ពុំបានផ្តល់ផលប្រយោជន៍​អ្វីដល់ប្រជាពលរដ្ឋឡើយ ក៏ប៉ុន្តែបែរជានាំឱ្យប្រជាពលរដ្ឋខាតបង់ថវិកា ស្របពេលដែលកំពុងជួបការលំបាក​ពីជំងឺកូវីដ-១៩។ បច្ចុប្បន្ន ក្រសួងកំពុងបន្តនាំចូលឧបករណ៍តេស្តរហ័សនេះ មកចែកចាយក្នុងតម្លៃដើមត្រឹមតែ ៣,៧ដុល្លារអាម៉េរិក ហើយធ្វើការចែកចាយបន្តពីថ្ងៃចន្ទ ដល់ ថ្ងៃអាទិត្យ ជាមធ្យមក្នុងមួយថ្ងៃចំនួន ៣៥០ ប្រតិបត្តិការបញ្ជាទិញរបស់ក្រុមហ៊ុន សហគ្រាស រោងចក្រ ស្ថាប័ន ដោយផ្តល់អាទិភាពលើទីតាំងដែលកំពុងជួបហានិភ័យខ្ពស់ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នឹងបន្តសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីកំណត់មុខសញ្ញាជនឆ្លៀតឱកាស ហើយចាត់វិធានការឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដោយមិនបណ្តោយឱ្យជនឆ្លៀតឱកាស​ទាំងនោះ នៅបង្កបញ្ហា និងរំលោភបំពានលើគោលការណ៍កំណត់របស់ក្រសួង។ ក្នុងករណី មានបុគ្គលណា​ទិញឧបករណ៍តេស្តរហ័សនេះយកទៅលក់បន្ត សូមរាយការណ៍មកលេខ ០១៧ ៨៤៨ ១០៨ ឬ ០៦៧ ៨១៨ ៧៨២ ឬ​០៧៧ ៨៦៧ ៩៥៧ ដើម្បីចូលរួមចំណែកទប់ស្កាត់ជនឆ្លៀតឱកាស និងចាត់វិធានការទាន់ពេលវេលា។

អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន។

អត្ថបទជាប់ទាក់ទង

  • សេចក្តីជូនដំណឹងស្ដីពី លទ្ធផលការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ សិក្សាថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យាឌីជីថល​ សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥

  • សេចក្តីជូនដំណឹង ស្តីពី ការដាក់ដំណើរការម៉ាស៊ីនបកប្រែ TranslateKh ជំនាន់ទី១ ដល់សាធារណជន ដោយឥតគិតថ្លៃ

  • សេចក្តីជូនដំណឹង ស្តីពី “វេទិកាបញ្ញាសិប្បនិម្មិតកម្ពុជា ឆ្នាំ២០២៤”