ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានចូលរួមវេទិកាសហភាពទូរគមនាគមន៍អន្តរជាតិពិភពលោកឌីជីថល ២០២១ (ITU Digital World 2021)

រាជធានីភ្នំពេញ៖ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងគមនាគមន៍វៀតណាម និងសហភាពទូរគមនាគមន៍អន្តរជាតិ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចូលរួមវេទិកាសហភាពទូរគមនាគមន៍អន្តរជាតិ ពិភពលោកឌីជីថល ២០២១ (ITU Digital World 2021) តាមរយៈប្រព័ន្ធសន្និសីទវីដេអូ ក្រោមប្រធានបទស្ដីពី ”ការកាត់បន្ថយចំណាយ៖ តើការប្រើប្រាស់បច្ចេកវិទ្យាដែលមានតម្លៃសមរម្យអាចពន្លឿនបរិវត្តកម្មឌីជីថលបានដែរឬទេ?”។ វេទិកានេះ ជាប្រព្រឹត្តិការណ៍ប្រចាំឆ្នាំ រៀបចំឡើងដោយសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម Houlin Zhao អគ្គលេខាធិការសហភាពទូរគមនគមន៍អន្តរជាតិ (ITU) មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល បណ្តាប្រទេសជាសមាជិក អ្នកស្រាវជ្រាវ ព្រមទាំងប្រតិបត្តិករទូរគមនាគមន៍ ធំៗមកពីជុំវិញពិភពលោក។

ការរៀបចំព្រឹត្តិការណ៍នេះឡើង គឺមានគោលបំណងលើកកម្ពស់ការតភ្ជាប់ប្រកបដោយប្រសិទ្ធភាពក្នុងការចូលរួមយ៉ាងសំខាន់សម្រាប់បរិវត្តកម្មឌីជីថល និងពិភាក្សាពីបញ្ហាប្រឈមធំៗមួយចំនួនដើម្បីទទួលយកការប្រើប្រាស់អ៊ីនធឺណិតសម្រាប់ប្រជាជនទូទៅ។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីបេសកកម្មអាទិភាពចំនួន៤ ដែលរាជរដ្ឋាភិបាលកម្ពុជាបានកំពុងអនុវត្តដើម្បីធានាឱ្យបាននូវការប្រើប្រាស់សេវាទូរគមនាគមន៍ដែលមានតម្លៃសមរម្យ គុណភាពល្អ និងប្រកបដោយបរិយាបន្ន រួមមាន៖១. ការពង្រីកហេដ្ឋារចនាសម្ព័ន្ធឆ្អឹងខ្នង២. ច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍រួម និងគុណភាពសេវា ៣. ក្របខណ្ឌគោលនយោបាយស្តីពីសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥ និងសេចក្តីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថល និង៤. ការកសាងសមត្ថភាពលើជំនាញឌីជីថល។

អត្ថបទជាប់ទាក់ទង