ឯកឧត្តម​រដ្ឋមន្ត្រី ជា វ៉ាន់ដេត បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​សិក្ខា​សាលា ផ្សព្វផ្សាយ​គោលនយោបាយ រដ្ឋាភិបាល ឌីជីថល​កម្ពុជា ២០២២-២០៣៥

រាជធានី​ភ្នំពេញ​៖ នៅ​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​និងទូរគមនាគមន៍ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​សិក្ខាសា​លា​ផ្សព្វផ្សា​យ​គោលនយោបាយ​រដ្​ឋាភិបាល​ឌី​ជី​ថល​កម្ពុ​ជា ២០២២-២០៣៥ តាម​ប្រព័ន្ធ​សន្និសីទ​វីដេ​អូ (Zoom) ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​តំណាង អង្គការ សហ ប្រជាជាតិ ប្រចាំ​ប្រទេស​កម្ពុ​ជា ក្រសួង ស្ថាប័ន និង​វាគ្មិន​កិត្តិយស​ជាតិ​និង​អន្តរជាតិ​មក​ពី​វិស័យ​សាធារណៈ វិស័យ​ឯកជន គ្រឹះស្ថាន​អប់រំ អ្នកជំនាញ អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍​។ សិក្ខាសា​លា​នេះ មាន គោលបំណង សំខាន់ គឺ​ដើម្បី​ផ្សព្វផ្សាយ​និង​បញ្ជ្រាប​ការយល់​ដឹងពី​គោលនយោបាយ​រដ្ឋា ភិបាល​ឌី​ជី​ថល​កម្ពុជា ២០២២-២០៣៥ ដោយ​ផ្តោត​លើ (ទី១) ការ​អភិវឌ្ឍ​ហេ​ដ្ឋា រចនាសម្ព័ន្ធ រដ្ឋាភិបាល ឌីជី​ថល និង សន្តិ​សុ​ខ​សាយ​ប័រ (ទី២) អភិបាលកិច្ច​រដ្ឋាភិបាល​ឌីជី​ថល​និង​សេវា​សាធារណៈ​ឌី​ជី​ថល (ទី៣) ទេពកោសល្យ និង នវានុវត្តន៍ ឌីជី​ថល និង (ទី៤) កិច្ច​សហប្រតិបត្តិ​ការ​ជា មួយ​វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍន៍ និង​សាធារណៈ​ជន ក្នុង​ការចូលរួម​អនុវត្ត​គោលនយោបាយ​នេះ​ផង​ដែរ​។

ថ្លែង​ក្នុង​អង្គ​សិក្ខាសាលា ឯកឧត្តម​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល​កម្ពុជា ២០២២-២០៣៥ ជាឯក​សារ យុទ្ធសាស្ត្រ និង​ជា​ផែនទី បង្ហាញផ្លូវ ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​ការ​ធ្វើ​បរិវត្ត​កម្ម​រដ្ឋាភិបាល​ឌីជីថល ពេញលេញ ដោយ​ឈរ​លើ​ចក្ខុវិស័យ “កសាង​រដ្ឋាភិបាល​ឌីជីថល ដើម្បី​លើកកម្ពស់​គុណភាព​ជីវិត​និង​ទំនុកចិត្ត ប្រជា​ពលរដ្ឋ តាមរយៈ​ការបម្រើ​សេវា​សាធារណៈ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ” ស្របតាម​ការ​យកចិត្ត​ទុកដាក់​ដ៏ ខ្ពង់ ខ្ពស់​របស់ សម្តេច​អគ្គមហាសេនា​បតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ឯកឧត្តម​រដ្ឋមន្ត្រី បាន​មានប្រសាសន៍​ថា គោលនយោបាយ​នេះ​ត្រូវ​បាន​រៀបចំឡើង​តាម និន្នាការ​សកល​នៃ​បរិវត្ត​កម្ម​ឌីជីថល ដោយ​បាន​គិតគូរ និង​សិក្សា​ពី​បទ​ពិសោធ​នៃ​ការ​អភិវឌ្ឍ​រដ្ឋាភិបាល​ឌីជីថល​របស់​ប្រទេស​ក្នុង​តំបន់ និង​សកល​។ ឯកឧត្តម​រដ្ឋមន្ត្រី បាន​មានប្រសាសន៍​បន្ថែម​ថា ចាប់តាំងពី​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ នៅ​ប្រទេស​កម្ពុជា​មានសន្ទុះ​កាន់តែ​ខ្លាំង​ក្នុង​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ក្នុង​វិស័យ​សាធារណៈ វិស័យ​ឯកជន និង ក្នុង ចំណោម ប្រជាពល រដ្ឋ ទូទៅ ស្របតាម​តម្រូវការ​សកម្មភាព​សេដ្ឋកិច្ច របៀបរបប​ការងារ និង​ការរស់នៅ ប្រចាំថ្ងៃ តាម គន្លង​ប្រក្រតី​ភាព​ថ្មី​។

សូម​បញ្ជាក់​ថា គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល​កម្ពុជា ត្រូវ​បាន​រាជរដ្ឋាភិបាល​សម្រេច​ដាក់​ឱ្យ​ប្រើប្រាស់​កាលពី​ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ដោយ​ក្នុង​នោះ បាន​កំណត់​នូវ​យុទ្ធសាស្ត្រ​ចំ​នួន ១០ រួមមាន​៖

១. ការរៀបចំ​និង​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​តភ្ជាប់​ឌីជីថល
២. ការរៀបចំ​និង​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​ឌីជីថល​សម្រាប់​សេវា​សាធារណៈ
៣. ការរៀបចំ​និង​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​សន្តិសុខ​ឌីជីថល
៤. ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​សេវា​ប្រៃសណីយ៍
៥. ការរៀបចំ​អភិបាលកិច្ច​រដ្ឋាភិបាល​ឌីជីថល
៦. ការ​ធ្វើ​បរិវត្ត​កម្ម​រដ្ឋាភិបាល​ឌីជីថល​និង​សេវា​សាធារណៈ
៧. ការ​កសាង​មូលធន​មនុស្ស​ឌីជីថល
៨. ការ​លើកកម្ពស់​ការស្រា​វជ្រាវ និង​នវានុវត្តន៍​ឌីជីថល
៩. ការរៀបចំ​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឌីជីថល
១០. ការ​លើកកម្ពស់​ធុរកិច្ច​ថ្មី​ឌីជីថល​។

អត្ថបទជាប់ទាក់ទង