ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យនិងផ្តល់ធាតុចូលលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យឌីជីថល ២០៣០
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧-២៨ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីដឹកកិច្ចប្រជុំពិនិត្យនិងផ្តល់ធាតុចូលលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យឌីជីថល ២០៣០ តាមរយៈប្រព័ន្ធសន្និសីទវីដេអូ (Zoom) ជាមួយចំនួន៣លេីកជាមួយក្រសួង-ស្ថាប័ន វិស័យឯកជន គ្រឹះស្ថានសិក្សា អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍។
សេចក្តីព្រាងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យឌីជីថល ២០៣០ មានចក្ខុវិស័យ អភិវឌ្ឍន៍វិស័យឌីជីថលឱ្យក្លាយជាកម្លាំងចលករជំរុញល្បឿនបរិវត្តកម្មរដ្ឋាភិបាល សេដ្ឋកិច្ច និងសង្គមឌីជីថល ដើម្បីលើកកម្ពស់នវានុវត្តន៍ ឧត្តមភាពប្រកួតប្រជែងនៅលើឆាកអន្តរជាតិ និងការអភិវឌ្ឍប្រកបដោយម្ចាស់ការ ចីរភាព និងបរិយាបន្ន។ ដើម្បីសម្រេចបានចក្ខុវិស័យនេះ គោលដៅជាយុទ្ធសាស្ត្រចំនួន៧ ត្រូវបានកំណត់រួមមាន (១) កសាងក្របខណ្ឌគតិយុត្តសម្រាប់វិស័យឌីជីថល (២)ធ្វើទំនើបកម្មនិងពង្រីកការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល (៣)ពង្រឹងប្រព័ន្ធសន្តិសុខឌីជីថល (៤)អភិវឌ្ឍឌីជីថលប្រកបដោយបរិយាបន្ន (៥)កសាងមូលធនមនុស្សឌីជីថល (៦)ជំរុញឧស្សាហកម្មឌីជីថលនិងធ្វើពិពិធកម្មវិស័យឌីជីថល (៧)ជំរុញការវិនិយោគនិងភាពជាដៃគូ។