សន្តិសុខឌីជីថលផ្ទាល់ខ្លួន (កម្រិតបឋម) បើកមុខងារអាប់ដេតដោយស្វ័យប្រវត្តិ (Automatic Updates)

តើអ្វីទៅជាអាប់ដេត?

ការអាប់ដេតគឺជាកំណែដែលបានធ្វើឱ្យប្រសើរឡើងនៃកម្មវិធី(program, app និងប្រព័ន្ធប្រតិបត្តិការ) ដែលអ្នកបានដំឡើងនៅលើកុំព្យូទ័រ និងឧបករណ៍ឌីជីថលរបស់អ្នក។

កម្មវិធីអាប់ដេតជួយការពារឧបករណ៍ឌីជីថលរបស់អ្នក ដោយជួសជុលកម្មវិធីដែលមានកំហុសឆ្គង (កំហុសដែលកើតចេញពីការសរសេរកូដ ឬភាពងាយរងគ្រោះ) ដែលឧក្រិដ្ឋជនសាយប័រ ឬចោរបច្ចេកវិទ្យា និងមេរោគអាចលួចចូលប្រើឧបករណ៍ឌីជីថលរបស់អ្នក និងលួចទិន្នន័យផ្ទាល់ខ្លួន គណនី ព័ត៌មានហិរញ្ញវត្ថុ និងអត្តសញ្ញាណ​របស់អ្នកបាន។

កម្មវិធីថ្មីតែងតែត្រូវបានរកឃើញថាមានកំហុសឆ្គង ដែលឧក្រិដ្ឋជនសាយប័រ ឬចោរបច្ចេកវិទ្យា អាចធ្វើការវាយប្រហារជ្រៀតចូលប្រើប្រាស់ ឬលួចទិន្នន័យបាន ហេតុដូចនេះមានភាពចាំបាច់ណាស់ដែលអ្នកត្រូវធ្វើការអាប់ដេតកម្មវិធីនៅលើឧបករណ៍ឌីជីថលរបស់អ្នក ដើម្បីអាចជួយការពារអ្នកពីការវាយប្រហារ និងការគំរាមកំហែងតាមអ៊ីនធឺណិត។

តើខ្ញុំត្រូវបើកមុខងារអាប់ដេតដោយស្វ័យប្រវត្តិដោយរបៀបណា?

ការបើកមុខងារអាប់ដេតដោយស្វ័យប្រវត្តិ ជាទូទៅគឺបានបើកដោយស្វ័យប្រវត្តិ លើកលែងតែអ្នកបានចុចបិទមុខងារនេះ ឬពេលអ្នកបើកដំណើរការកម្មវិធី ឬឧបករណ៍ពេលដំបូងនឹងមានជំរើសឱ្យអ្នកជ្រើសរើសការបើកការអាប់ដេតដោយស្វ័យប្រវត្តិ ឬបើកដោយខ្លួនឯងផ្ទាល់នាពេលក្រោយ ប្រសិនបើកអ្នកជ្រើសរើសយកការកំណត់ដោយស្វ័យប្រវត្តិ ការអាប់ដេតនឹងធ្វើឡើងភ្លាមៗនៅរាល់ពេលមានការអាប់ដេតកំណែថ្មី។ សូមពិនិត្យ និងអនុវត្តចំណុចដូចខាងក្រោមដើម្បីធានាថាមុខងារអាប់ដេតដោយស្វ័យប្រវត្តិ បានបើកដំណើរការត្រឹមត្រូវ៖

  • ធ្វើការបើក និងបញ្ជាក់ថាមុខងារការអាប់ដេតដោយស្វ័យប្រវត្តិ បានកំណត់ត្រឹមត្រូវលើកម្មវិធី និងឧបករណ៍ឌីជីថលទាំងអស់
  • ការបើកមុខងារអាប់ដេតដោយស្វ័យប្រវត្តិអាចខុសគ្នាអាស្រ័យតាមកម្មវិធី និងឧបករណ៍ឌីជីថល
  • ធ្វើការកំណត់ពេលវេលាសមស្របសម្រាប់ការអាប់ដេតដោយស្វ័យប្រវត្តិ ជាពិសេសនៅពេលដែលអ្នកកំពុងគេង ឬមិនប្រើប្រាស់កម្មវិធី និងឧបករណ៍ឌីជីថល
  • ត្រូវប្រាកដថាឧបករណ៍របស់អ្នកត្រូវតែបើកដំណើរការ ដោតភ្លើង និងមានទំហំផ្ទុកគ្រប់គ្រាន់។

ចូរចងចាំ៖ ប្រសិនបើអ្នកទទួលបានសារឱ្យអាប់ដេតកម្មវិធី ឬឧបករណ៍ឌីជីថលរបស់អ្នក គួរធ្វើការអាប់ដេតឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ចុះបើការបើកមុខងារអាប់ដេតដោយស្វ័យប្រវត្តិមិនអាចកំណត់បាន?

ប្រសិនបើមុខងារអាប់ដេតដោយស្វ័យប្រវត្តិមិនអាចកំណត់បាន អ្នកគួរតែពិនិត្យ និងដំឡើងការអាប់ដេតថ្មីៗជាប្រចាំដោយចូលទៅកាន់ម៉ឺនុយការកំណត់របស់កម្មវិធី ឬឧបករណ៍ឌីជីថលរបស់អ្នក ហើយចុចអាប់ដេតដោយផ្ទាល់។

ចុះបើឧបករណ៍ឌីជីថល និងកម្មវិធីចាស់ៗរបស់អ្នកមិនទទួលបានការអាប់ដេតបន្តទៀត?

ប្រសិនបើឧបករណ៍ឌីជីថល ប្រព័ន្ធប្រតិបត្តិការ ឬកម្មវិធីរបស់អ្នកចាស់ពេក វាប្រហែលជាមិនត្រូវបានគាំទ្រដោយក្រុមហ៊ុនផលិត ឬអ្នកអភិវឌ្ឍន៍ទៀតទេ។ នៅពេលដែលផលិតផលឈានដល់ដំណាក់កាល ចុងបញ្ចប់នៃការគាំទ្រ ផលិតផលទាំងនោះនឹងលែងទទួលបានការអាប់ដេតទៀតហើយ ដែលអាចឱ្យមានការរងគ្រោះពីការវាយប្រហារតាមអ៊ីនធឺណិត ដោយសារតែកម្មវិធីមានកំហុសឆ្គងនិងងាយរងគ្រោះមិនបានអាប់ដេតជួសជុល។ ឧទាហរណ៍ផលិតផលដែលបញ្ចប់ការគាំទ្ររួមមានប្រព័ន្ធប្រតិបត្តិការ Windows 7 និងទូរសព្ទ iPhone 6 ជាដើម។

ប្រសិនបើឧបករណ៍ឌីជីថល ប្រព័ន្ធប្រតិបត្តិការ ឬកម្មវិធីរបស់អ្នកបានដល់ទីបញ្ចប់នៃការគាំទ្រ អ្នកគួរពិចារណាទិញឧបករណ៍ឌីជីថល ប្រព័ន្ធប្រតិបត្តិការ ឬកម្មវិធីជំនាន់ថ្មីឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីរក្សាសុវត្ថិភាព។

អត្ថបទជាប់ទាក់ទង

  • ស្វែងយល់អំពីកម្មវិធីគ្រប់គ្រងពាក្យសម្ងាត់ (Password Manager)

  • តោះ! មកដឹងពីគោលបំណងនៃការរៀបចំវេទិការដ្ឋាភិបាលឌីជីថលទាំងអសតោះ! មកដឹងពីគោលបំណងនៃការរៀបចំវេទិការដ្ឋាភិបាលឌីជីថលទាំងអស់គ្នា

  • វេទិការដ្ឋាភិបាលឌីជីថល (Digital Government Forum ហៅកាត់ DGF)