សេចក្តីប្រកាសព័ត៌មាន ស្តីពីការដាក់ឱ្យអនុវត្ត “ប្រកាសស្តីពីគុណភាពសេវាទូរគមនាគមន៍”
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូន ប្រតិបត្តិករទូរគមនាគមន៍ សាធារណជន និងភាគីពាក់ព័ន្ធទាំងអស់ មេត្តាជ្រាបថា ក.ប.ទ. បានចាត់ទុកការពង្រឹងគុណភាពសេវាទូរគមនាគមន៍ គឺជាកិច្ចការអាទិភាពបំផុត និងបានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការស្វែងរកមធ្យោបាយនិងដំណោះស្រាយនានា សំដៅបង្កើនគុណភាពសេវាទូរសព្ទចល័តនិងអ៊ីនធឺណិត និងលើកកម្ពស់ការការពារសិទ្ធិរបស់អ្នកប្រើប្រាស់ ដោយសារតែគុណភាពសេវាទូរគមនាគមន៍បច្ចុប្បន្ន នៅមានកម្រិតនៅឡើយ។
ក្នុងរយៈពេលជាង ១ ឆ្នាំកន្លងមកនេះ ក.ប.ទ. បានចាត់តាំងក្រុមការងារនីតិកម្មនិងក្រុមការងារបច្ចេកទេស ឱ្យធ្វើការសិក្សាស្វែងយល់អំពីលិខិតបទដ្ឋានគតិយុត្តនិងស្តង់ដារទូរគមនាគមន៍របស់បណ្តាប្រទេសមួយចំនួនក្នុងតំបន់ និងស្ថាប័នទូរគមនាគមន៍អន្តរជាតិ ព្រមទាំងធ្វើការពិគ្រោះយោបល់ជាមួយនិយ័តករទូរគមនាគមន៍ក្នុងតំបន់ អ្នកជំនាញការជាតិនិងអន្តរជាតិ ដើម្បីរៀបចំសេចក្តីព្រាង “ប្រកាសស្តីពីគុណភាពសេវាទូរគមនាគមន៍” ក្នុងការកំណត់បទដ្ឋានបច្ចេកទេសជាក់លាក់ដែលត្រូវអនុវត្តជាកាតព្វកិច្ចសម្រាប់ប្រតិបត្តិករទូរគមនាគមន៍ សំដៅពង្រឹងគុណភាពសេវានិងបណ្តាញទូរគមនាគមន៍របស់ខ្លួន ក៏ដូចជាដើម្បីចូលរួមការពារនិងធានាផលប្រយោជន៍របស់អ្នកប្រើប្រាស់ ក្នុងការទទួលបានសេវាទូរគមនាគមន៍ប្រកបដោយគុណភាពស្របតាមទឹកប្រាក់ដែលបានបង់។
ទន្ទឹមនឹងនេះដែរ ក.ប.ទ. ក៏បានធ្វើការពិគ្រោះយោបល់ជាមួយប្រតិបត្តិករទូរគមនាគមន៍ ដើម្បីទទួលបាននូវធាតុចូលបន្ថែម និងផ្លាស់ប្តូរយោបល់គ្នា ដើម្បីឱ្យការអនុវត្តប្រកាសនេះ មានភាពរលូននាពេលខាងមុខ ពីព្រោះការពង្រឹងគុណភាពសេវាទូរសព្ទចល័ត នឹងត្រូវការពេលវេលាច្រើនក្នុងការដោះស្រាយ ដែល ក.ប.ទ. និងនិយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) ត្រូវជួយសម្របសម្រួលនិងគាំទ្រដល់ប្រតិបត្តិករទូរគមនាគមន៍ ក្នុងការរៀបចំឱ្យបានច្បាស់លាស់នូវផែនការនៃការកែលំអគុណភាពសេវាទូរគមនាគមន៍។
ក្រោយពី “ប្រកាសស្តីពីគុណភាពសេវាទូរគមនាគមន៍” ត្រូវបានចុះហត្ថលេខា ប្រតិបត្តិករទូរគមនាគមន៍មាន រយៈពេល ១០ (ដប់) ខែ ដើម្បីកែលំអនិងពង្រឹងគុណភាពសេវាទូរគមនាគមន៍របស់ខ្លួន ដោយអនុលោមតាមសូចនាករគុណផលគន្លឹះដូចមានចែងក្នុងប្រកាសនេះ។ ក្នុងករណីប្រតិបត្តិករទូរគមនាគមន៍ណាមិនអនុវត្តតាមស្តង់ដារអប្បបរមាដែលបានកំណត់ក្នុងប្រកាសនេះទេ ប្រតិបត្តិករទូរគមនាគមន៍នោះនឹងត្រូវទទួលរងពិន័យ។
អាស្រ័យហេតុនេះ សូម ប្រតិបត្តិករទូរគមនាគមន៍ ភាគីពាក់ព័ន្ធ និងសាធារណជនទាំងអស់ មេត្តាជ្រាបនិងចូលរួមសហការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។