សេចក្តីប្រកាសព័ត៌មាន ស្តីពីការដាក់ឱ្យអនុវត្ត “​ប្រកាសស្តីពីគុណភាពសេវាទូរគមនាគមន៍”

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូន ប្រតិបត្តិករទូរគមនាគមន៍ សាធារណជន​ និងភាគីពាក់ព័ន្ធ​ទាំងអស់ ​មេត្តាជ្រាបថា ក.ប.ទ. បានចាត់ទុកការពង្រឹងគុណភាពសេវាទូរគមនាគមន៍ គឺជា​កិច្ចការ​អាទិភាពបំផុត​ និង​បាន​យកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុង​ការ​ស្វែងរក​មធ្យោបាយ​និងដំណោះស្រាយ​នានា សំដៅ​បង្កើន​គុណភាពសេវាទូរសព្ទចល័តនិងអ៊ីនធឺណិត និងលើកកម្ពស់ការ​ការពារសិទ្ធិរបស់​អ្នកប្រើប្រាស់ ដោយសារ​តែគុណភាពសេវាទូរគមនាគមន៍បច្ចុប្បន្ន នៅ​មានកម្រិត​នៅឡើយ​។​

ក្នុងរយៈពេលជាង ១ ឆ្នាំ​កន្លងមកនេះ​ ក.ប.ទ. បានចាត់តាំង​ក្រុមការងារ​នីតិកម្មនិង​ក្រុមការងារ​បច្ចេក​ទេស ​​ឱ្យ​ធ្វើ​ការ​សិក្សា​ស្វែងយល់​អំពី​លិខិតបទដ្ឋានគតិយុត្ត​និងស្តង់ដារ​ទូរគមនាគមន៍​របស់​បណ្តា​ប្រទេស​មួយ​ចំនួនក្នុង​តំបន់​ និង​ស្ថាប័ន​ទូរគមនាគមន៍​អន្តរជាតិ​ ព្រមទាំងធ្វើការពិគ្រោះយោបល់​ជាមួយ​និយ័តករទូរគមនាគមន៍​ក្នុង​តំបន់​ អ្នកជំនាញការជាតិ​និងអន្តរជាតិ ដើម្បី​រៀបចំ​សេចក្តីព្រាង ប្រកាសស្តីពីគុណភាពសេវាទូរគមនាគមន៍” ក្នុងការ​កំណត់​​បទដ្ឋានបច្ចេកទេស​​ជាក់លាក់ដែល​ត្រូវ​អនុវត្ត​ជា​កាតព្វកិច្ចសម្រាប់​​​ប្រតិបត្តិករទូរគមនាគមន៍ ​សំដៅ​​ពង្រឹងគុណភាពសេវានិងបណ្តាញទូរគមនាគមន៍របស់ខ្លួន ក៏ដូចជា​​​ដើម្បី​ចូលរួមការពារនិងធានា​ផលប្រយោជន៍របស់អ្នកប្រើប្រាស់ ក្នុងការទទួលបានសេវា​ទូរគមនាគមន៍ប្រកបដោយគុណភាពស្របតាមទឹក​ប្រាក់​ដែលបានបង់។

ទន្ទឹមនឹងនេះដែរ​ ក.ប.ទ. ក៏បានធ្វើការពិគ្រោះយោបល់​ជាមួយ​ប្រតិបត្តិករទូរគមនាគមន៍ ដើម្បី​ទទួលបាន​នូវ​ធាតុចូលបន្ថែម​​ និង​ផ្លាស់ប្តូរយោបល់គ្នា​ ​ដើម្បីឱ្យ​ការអនុវត្ត​ប្រកាស​នេះ​ មាន​ភាពរលូន​នាពេលខាងមុខ ពីព្រោះ​ការពង្រឹង​គុណភាព​សេវា​ទូរសព្ទចល័ត​ នឹងត្រូវការពេលវេលាច្រើនក្នុងការដោះស្រាយ​ ដែល​ ក.ប.ទ. ​និងនិយ័តករទូរគមនាគមន៍​កម្ពុជា (ន.ទ.ក.) ត្រូវជួយ​សម្របសម្រួល​និងគាំទ្រ​​ដល់​ប្រតិបត្តិករទូរគមនាគមន៍​​ ក្នុងការ​​រៀបចំ​ឱ្យ​បានច្បាស់លាស់​នូវផែនការ​នៃ​ការ​កែលំអ​គុណភាពសេវា​ទូរគមនាគមន៍។​

ក្រោយពី ប្រកាសស្តីពីគុណភាពសេវាទូរគមនាគមន៍” ត្រូវបានចុះហត្ថលេខា​ ប្រតិបត្តិករទូរគមនាគមន៍មាន ​រយៈពេល ១០ (ដប់) ខែ ដើម្បី​កែលំអ​និង​ពង្រឹងគុណភាពសេវាទូរគមនាគមន៍របស់ខ្លួន​ ដោយអនុលោមតាមសូចនាករគុណផលគន្លឹះដូចមានចែងក្នុងប្រកាសនេះ។ ក្នុងករណីប្រតិបត្តិករទូរគមនាគមន៍ណាមិនអនុវត្តតាមស្តង់ដារអប្បបរមាដែលបាន​កំណត់ក្នុងប្រកាសនេះទេ ប្រតិបត្តិករទូរគមនាគមន៍នោះនឹងត្រូវទទួលរងពិន័យ។

អាស្រ័យហេតុនេះ សូម ប្រតិបត្តិករទូរគមនាគមន៍ ភាគីពាក់ព័ន្ធ និងសាធារណជនទាំងអស់ មេត្តាជ្រាបនិងចូលរួមសហការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។

អត្ថបទជាប់ទាក់ទង