គណៈប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ចូលរួមសន្និសីទរបស់សហភាពទូរគមនាគមន៍អន្តរជាតិ នៅទីក្រុង Bucharest ប្រទេសរ៉ូម៉ានី

តបតាមការអញ្ជើញរបស់អគ្គលេខាធិការនៃសហភាពទូរគមនាគមន៍អន្តរជាតិ (International Telecommunication Union-ITU) ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំប្រតិភូចូលរួមសន្និសីទស្តីពី “ITU Plenipotentiary Conference ហៅកាត់ថា ITU PP-22” ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ខែកញ្ញា ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ នៅទីក្រុង Bucharest ប្រទេសរ៉ូម៉ានី។ សន្និសីទ ITU PP-22 នេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ជាន់ខ្ពស់នៃប្រទេសជាសមាជិក ថ្នាក់ដឹកនាំនៃស្ថាប័នអន្តរជាតិធំៗ ក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍ ក្រុមហ៊ុនបច្ចេកវិទ្យា អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍសំខាន់ៗនៅជុំវិញពិភពលោក។

សន្និសីទ ITU PP-22 ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖ ១.) បោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ដែលជាភ្នាក់ងារជំនាញរបស់អង្គការសហប្រជាជាតិទទួលបន្ទុកជំរុញការបរិវត្តកម្មឌីជីថល សម្រាប់អាណត្តិ ២០២៣-២០២៦ ក្នុងនោះរួមមាន៖ អគ្គលេខាធិការ (Secretary General) អគ្គលេខាធិការរង (Deputy Secretary-General) និងនាយកការិយាល័យទាំងបីរបស់ ITU ២.) បោះឆ្នោតជ្រើសរើសសមាជិកនៃក្រុមប្រឹក្សាសហភាពទូរគមនាគមន៍អន្ដរជាតិ (Council of International Telecommunication) ៣.) បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលនិយតកម្មវិទ្យុគមនាគន៍ (Radio Regulations Board-RRB) ៤.) អនុម័តលើរបាយការណ៍និងសេចក្តីសម្រេចនានាដែលបានស្នើឡើងពីតាមតំបន់នីមួយៗ និង ៥.) ពិនិត្យ កែសម្រួល និងបំពេញបន្ថែម មាត្រាដែលមានចែងក្នុងរដ្ឋធម្មនុញ និងអនុសញ្ញារបស់ ITU ដែលបានស្នើទ្បើងពីបណ្តាប្រទេសជាសមាជិកនៅតាមតំបន់ ដើម្បីឱ្យមាន សង្គតិភាពនៃការវិវឌ្ឍនៃបច្ចេកវិទ្យា ព្រមទាំងស្របទៅនឹងផែនការយុទ្ធសាស្ត្រនិងផែនការថវិការបស់ ITU។

នៅក្នុងឱកាសនៃសន្និសីទពេញអង្គនេះ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានប្រតិភូកម្ពុជា បានឡើងថ្លែងការណ៍ដោយបានគូសរំលេចអំពីសារសំខាន់ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជិថល ២០២១-២០៣៥ គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជាផ្តោតលើចក្ខុវិស័យ “ការកសាងរដ្ឋាភិបាលឌីជីថលដើម្បីលើកកម្ពស់គុណភាពជីវិតនិងទំនុកចិត្តប្រជាពលរដ្ឋ តាមរយៈការបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរ” ដែលមានយន្តការថ្នាក់ជាតិដឹកនាំ សម្របសម្រួល និងអនុវត្តដោយមានការរៀបចំគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល និងអង្គភាពទទួលបន្ទុកបរិវត្តកម្មឌីជីថលនៅតាមក្រសួងស្ថាប័ននិងរដ្ឋបាលថ្នាក់ក្រោមជាតិ។ បន្ថែមពីនេះទៅទៀត ឯកឧត្តមប្រធានប្រតិភូបានគូសបញ្ជាក់ពីចូលរួមរបស់កម្ពុជាក្នុងការអនុវត្តគំនិតផ្តួចផ្តើម Partner2Connect (P2C) របស់ ITU ដែលជាផ្នែកមួយរួមចំណែកជំរុញបរិវត្តកម្មឌីជីថល។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម សុខ ពុទ្ធិវុធ ក៏បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូប្រទេសអូស្រ្តាលី ចិន រុស្សី កូរ៉េ ជប៉ុន ស៊ុយអែត លីទុយអានី សឹង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៉ី ហ្វីលីពីន កេនយ៉ា ហ្គាំបៀ និងតំណាងក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួនទៀតដើម្បីដកស្រង់បទពិសោធន៍ ឧត្តមានុត្តន៍ និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទេ្វរភាគីក្នុងក្របខណ្ឌនៃការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីឌីជីថល សំដៅជំរុញបរិវត្តកម្មឌីជីថលនិងបរិយាប័ន្នឌីជីថលនៅកម្ពុជា។

អត្ថបទជាប់ទាក់ទង