សេចក្តីជូនដំណឹង ស្តីពី ការផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋសង្គមនិយមវៀតណាម
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនដំណឹងដល់មន្ត្រីរាជការ និងសាធារណជន ទាំងអស់មេត្តាជ្រាបថា នៅក្នុងជំនួបពិភាក្សាទ្វេភាគីរវាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នៃព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងគមនាគមន៍នៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ក្រសួងព័ត៌មាននិងគមនាគមន៍នៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានផ្តល់អាហាររូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់កម្មវិធីសិក្សាអន្តរជាតិជាភាសាអង់គ្លេស សិក្សាលើជំនាញសន្តិសុខសាយប័រ ចំនួន ៣កន្លែង និងជំនាញបច្ចេកវិទ្យាឌីជីថល ចំនួន ៣កន្លែង នៅវិទ្យាស្ថានបច្ចេកវិទ្យាប្រៃសណីយ៍និងទូរគមនាគមន៍ ដែលជាវិទ្យាស្ថានដ៏ល្បីមួយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
១. លក្ខខណ្ឌក្នុងការជ្រើសរើស
– ជាមន្ត្រីរាជការ ឬសាធារណជនទូទៅដែលមានគុណវុឌ្ឍក្នុងការសិក្សា
– មានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជំនាញពាក់ព័ន្ធនឹងសន្តិសុខសាយប័រ និងបច្ចេកវិទ្យាឌីជីថល
– មានសញ្ជាតិខ្មែរ
– មានសុខភាពល្អបរិបូរណ៍ទាំងកាយសម្បទា និងសតិបញ្ញា
– មានអាយុមិនលើសពី៤៥ឆ្នាំ គិតត្រឹមថ្ងៃឈប់ទទួលពាក្យ
– មានបទពិសោធការងារយ៉ាងតិច ២ឆ្នាំ
– មានចំណេះដឹងភាសាអង់គ្លេសល្អគ្រប់គ្រាន់
– ត្រូវបំពេញលក្ខខណ្ឌចុះឈ្មោះចូលរៀនរបស់វិទ្យាស្ថានបច្ចេកវិទ្យាប្រៃសណីយ៍និងទូរគមនាគមន៍។
២. អត្ថប្រយោជន៍នៃអាហារូបករណ៍
ទទួលបានការរ៉ាប់រងបង់ថ្លៃសិក្សា ១០០% (មួយរយ) ភាគរយ នៃថ្លៃសិក្សាសរុបរហូតចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ព្រមទាំងប្រាក់ឧបត្ថម្ភថ្លៃហូបចុក ស្នាក់នៅ និងសំបុត្រយន្តហោះទៅ-មក។
ដូចនេះ មន្ត្រីរាជការ និងសាធារណជនទាំងអស់ ដែលមានចំណាប់អារម្មណ៍អាចបំពេញបែបបទដាក់ពាក្យស្នើសុំអាហារូបករណ៍តាមរយៈ QR Code ខាងក្រោម រួចផ្ញើមកនាយកដ្ឋានបុគ្គលិកនិងបណ្តុះបណ្តាលនៃអគ្គនាយកដ្ឋានរដ្ឋបាលចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមន្រ្តីទទួលបន្ទុកតាមរយៈទូរសព្ទលេខ ០៨១ ៨១៨ ៧៨២ / ០១២ ៧៣១ ៦៩០ ឬអ៊ីម៉ែល hr@mptc.gov.kh។
សេចក្តីដូចបានជម្រាបជូនខាងលើ សូម មន្ត្រីរាជការ និងសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន។