សេចក្តីអំពាវនាវ
បន្ទាប់ពីក្រុមការងារលើកកម្ពស់គុណភាពសេវានៅតាមបុរីក្នុងរាជធានីភ្នំពេញ ចំនួន ៨ ក្រុម បានចុះពង្រឹងគុណភាពសេវាទូរគមនាគមន៍តាមបុរីនិងអគារសហកម្មសិទ្ធិក្នុងរយៈពេលកន្លងមក ដោយទទួលបាននូវព័ត៌មានជាក់លាក់អំពីឧបសគ្គមួយចំនួនដែលធ្វើឱ្យមានការលំបាកក្នុងការតភ្ជាប់បណ្តាញសេវាអ៊ីនធឺណិតចូលក្នុងបុរីនិងអគារសហកម្មសិទ្ធិមួយចំនួន ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមអំពាវនាវដល់ម្ចាស់បុរីនិងអគារសហកម្មសិទ្ធិមួយចំនួនត្រូវបញ្ឈប់៖
១.ការទារលុយជាថ្នូរនឹងការអនុញ្ញាតឱ្យតភ្ជាប់បណ្តាញសេវាអ៊ីនធឺណិតចូលក្នុងលំនៅដ្ឋានរបស់អ្នកប្រើប្រាស់នៅក្នុងបុរីនិងអគារសហកម្មសិទ្ធិ ដែលផ្ទុយនឹងច្បាប់ស្តីពីទូរគមនាគមន៍។
២.ប្រតិបត្តិការផ្តល់សេវាអ៊ីនធឺណិតដោយខ្លួនឯង និងគ្មានអាជ្ញាបណ្ណពីនិយ័តករទូរគមនាគមន៍កម្ពុជា នៅក្នុងបុរីនិងអគារសហកម្មសិទ្ធិ។
ក្នុងករណីម្ចាស់បុរីនិងអគារសហកម្មសិទ្ធិមួយចំនួនតូច នៅតែបន្តធ្វើសកម្មភាពខាងលើ ក.ប.ទ. នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ស្របតាមច្បាប់ស្តីពីទូរគមនាគមន៍និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ប្រតិបត្តិករទូរគមនាគមន៍ និងសាធារណជនដែលមានព័ត៌មានអំពីសកម្មភាពដូចបានរៀបរាប់ខាងលើ សូមផ្តល់ព័ត៌មានមកនិយ័តករទូរគមនាគមន៍កម្ពុជា តាមរយៈលេខទូរសព្ទ Hotline ៦៧៨៩ និងផ្ញើសារមកកាន់អ៊ីមែល qos@trc.gov.kh។
អាស្រ័យហេតុនេះ សូម ម្ចាស់បុរីនិងអគារសហកម្មសិទ្ធិ ប្រតិបត្តិករទូរគមនាគមន៍ និងសាធារណជនទាំងអស់ ជ្រាបនិងចូលរួមសហការ។