សេចក្តីជូនដំណឹង ស្តីពីការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះឈ្មោះដែនជាតិ (Domain name) “.kh ”
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ដើម្បីសម្រួលដល់ការស្នើសុំឈ្មោះដែនជាតិ (Domain name) ឱ្យបានឆាប់រហ័ស ងាយស្រួល និងមានប្រសិទ្ធភាពខ្ពស់ ក.ប.ទ. បានរៀបចំនិងដាក់ឱ្យប្រើប្រាស់ “ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះឈ្មោះដែនជាតិ .kh”។ ឈ្មោះដែនជាតិ .kh នឹងផ្តល់ជូនសម្រាប់អ្នកស្នើសុំដែលជារូបវន្តបុគ្គល សហគ្រាសពាណិជ្ជកម្ម ក្រុមហ៊ុន អង្គការ សមាគម គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន តាមប្រភេទឈ្មោះដែនជាតិរួមមាន .kh, .com.kh, .net.kh, .org.kh, ឬ .edu.kh ។ ការប្រើប្រាស់ឈ្មោះដែនជាតិ .kh ជាមធ្យោបាយដើម្បីបង្កើតអត្តសញ្ញាណផ្លូវការរបស់រូបវ័ន្ដបុគ្គលឬនីតិបុគ្គល នៅក្នុងប្រព័ន្ធអ៊ីនធឺណិត បង្កើនភាពជឿជាក់ លើពាណិជ្ជនាមដល់អតិថិជនឬដៃគូសហការ ជាពិសេសផ្តល់ភាពងាយស្រួលសម្រាប់ការស្វែងរកតាមប្រព័ន្ធអ៊ីនធឺណិត។
ដើម្បីស្នើសុំប្រើប្រាស់ឈ្មោះដែនជាតិ .kh តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្មនេះ សូមចូលទៅកាន់គេហទំព័រ www.domain.gov.kh និងអនុវត្តតាមជំហាននីមួយៗដែលតម្រូវ។ ចំពោះព័ត៌មានអំពីប្រភេទឈ្មោះដែនជាតិ របៀបនៃការស្នើសុំ ឯកសារភ្ជាប់ តម្លៃ និងព័ត៌មានផ្សេងទៀតពាក់ព័ន្ធនឹងការស្នើសុំ សូមទាញយកសៀវភៅមគ្គុទេសក៍ ឬទស្សនាវីដេអូពន្យល់ពីរបៀបស្នើសុំ ដោយស្កេន QR Code ទាំងពីរខាងក្រោម។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង និយ័តករទូរគមនាគមន៍កម្ពុជា តាមរយៈលេខទូរសព្ទ ៦៧៨៩ ឬ ០២៣ ៧២២ ៣៣៣ នៅរៀងរាល់ម៉ោងធ្វើការ។
អាស្រ័យហេតុនេះសូម សាធារណជនទាំងអស់មេត្តាជា្របជាព័ត៌មាន និងចូលរួមស្នើសុំប្រើប្រាស់ឈ្មោះដែនជាតិ.kh តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្មថ្មីនេះ ឱ្យបានទូលំទូលាយ។
—
ទាញយកសៀវភៅមគ្គុទេសក៍ ដំណើរការស្នើសុំចុះឈ្មោះដែនជាតិ .kh http://www.mptc.gov.kh/domainnameguidebook
វីដេអូណែនាំ ស្តីពីរបៀបស្នើសុំចុះឈ្មោះដែនជាតិ .kh តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម https://fb.watch/ioVf665o5e/