ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានទទួលជួបប្រជុំពិភាក្សាការងារជាមួយប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ASEAN Business Council) ដឹកនាំដោយលោក Michael W. Michalak និងមានតំណាងមកពីស្ថានទូតសហរដ្ឋអាមេរិក ក្រុមហ៊ុន​ Visa, ConocoPhillips, Pernod Ricard, Attwood, RMA Group, Pfizer, Vriens & Partners និង​ SpaceX។

លោក Michael W. Michalak បានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានសម្រេចជោគជ័យក្នុងនាមជាប្រធានអាស៊ានកាលពីឆ្នាំ២០២២ និងបានបង្ហាញពីចក្ខុវិស័យវិជ្ជមានមកលើកម្ពុជាក្នុងការធ្វើឌីជីថលភាវូបនីយកម្មក្រោយវិបត្តកូវីត១៩។ លោកបានជម្រាបជូនពីក្នុងគោលបំណងនៃកិច្ចប្រជុំគឺដេីម្បីស្វែងយល់ពីវឌ្ឍនភាពវិស័យទូរគមនាគមន៍​ និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា ក៏ដូចជាលទ្ធភាពក្នុងការចូលចំណែកជួយដល់ការធ្វើបរិវត្តកម្មឌីជីថល​ និងជួយពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងក្រសួង និងក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិក។​

នៅក្នុងឱកាសនោះដែរ ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការបានជម្រាបជូនគណៈប្រតិភូ អំពីវឌ្ឍនភាពការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល​ គោលនយោបាយប្រៃសណីយ៍​ និងការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីប្រៃសណីយ៍ ច្បាប់ការពារទិន្នន័យឯកជន ច្បាប់សន្តិសុខសាយប័រ និងច្បាប់ទូរគមនាគមន៍ ជាដើម។ លើសពីនេះ ឯកឧត្តម ក៏បានស្នើធាតុចូលបន្ថែមពី US-ABC លើសេចក្តីព្រាងច្បាប់ខាងលើ និងបានលើកទឹកចិត្តក្រុមហ៊ុនអាមេរិកឱ្យជំរុញការវិនិយោគ​ ជួយអភិវឌ្ឍសមត្ថភាព​ និងការបញ្ជូនអ្នកជំនាញផ្ទាល់មកធ្វេីការលេីវិស័យឌីជីថលបន្ថែមផងដែរ។​

ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងតាមរយៈតំណរភ្ជាប់ https://t.me/mptcgovkh

អត្ថបទជាប់ទាក់ទង