សេចក្តីជូនដំណឹង ស្តីពី ការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី២ ឆ្នាំ២០២៣

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា ដើម្បីផ្តល់ឱកាសឱ្យសិស្សានុសិស្សបង្ហាញស្នាដៃនៃការសរសេររបស់ខ្លួន និងដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់គំនិតច្នៃប្រឌិត ទេពកោសល្យនៃការសរសេរ ព្រមទាំងជំរុញការយល់ដឹង និងការប្រើប្រាស់សេវាប្រៃសណីយ៍នៅកម្ពុជា ក្រសួងបានរៀបចំកម្មវិធីប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី២ ឆ្នាំ២០២៣ លើប្រធានបទ «ចូរស្រមៃថា អ្នកគឺជាវីរៈបុរសដ៏អស្ចារ្យ ហើយបេសកកម្មរបស់អ្នកគឺធ្វើឱ្យផ្លូវថ្នល់ទាំងអស់នៅជុំវិញពិភពលោកកាន់តែមានសុវត្ថិភាពសម្រាប់កុមារ។ សូមសរសេរសំបុត្រទៅកាន់នរណាម្នាក់ ពន្យល់អំពីអំណាចណាខ្លះដែលអ្នកនឹងត្រូវការដើម្បីសម្រេចបាននូវបេសកកម្មរបស់អ្នក (Imagine you are a super hero and your mission is to make all roads around the world safer for children. Write a letter to someone explaining which super powers you would need to achieve your mission)»។

បេក្ខជនជ័យលាភី នឹងទទួលបានរង្វាន់លើកទឹកចិត្ត ព្រមទាំងត្រូវជ្រើសរើសបន្តឱ្យចូលរួមជាតំណាងរបស់កម្ពុជា នៅក្នុងកម្មវិធីប្រកួតប្រជែងកម្រិតអន្តរជាតិដែលរៀបចំដោយសហភាពប្រៃសណីយ៍សកល (Universal Postal Union)។

លក្ខខណ្ឌនៃការចូលរួម

– ជាសិស្សានុសិស្សសញ្ជាតិខ្មែរ និងមានអាយុពី៩-១៥ឆ្នាំ (គិតត្រឹមថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣)

– សរសេរសំបុត្រដោយដៃជាភាសាខ្មែរ ឬជាភាសាអង់គ្លេស និងមិនត្រូវលើសពី៨០០ពាក្យ

– ផ្ញើពាក្យចុះឈ្មោះចូលរួមប្រកួត និងសំបុត្រដែលបានសរសេររួចតាមរយៈសេវាប្រៃសណីយ៍អនុសិដ្ឋ (Registered Mail) របស់ប្រៃសណីយ៍កម្ពុជាដោយឥតគិតថ្លៃ ឬក៏អាចប្រើប្រាស់សេវាបញ្ញើឆាប់រហ័សឯកជនយ៉ាងយូរ ត្រឹមថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ មកអាសយដ្ឋានខាងក្រោម៖

“ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អគ្គនាយកដ្ឋានប្រៃសណីយ៍ អគារលេខ១៣ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក រាជធានីភ្នំពេញ ១២០២១០”

– អ្នកចូលរួមត្រូវសរសេរសំបុត្រដោយខ្លួនឯងផ្ទាល់

-ខ្លឹមសារលិខិតដែលលួចចម្លងទាំងស្រុង ឬដោយផ្អែកពីអត្ថបទផ្សេងៗ ពុំត្រូវបានវាយតម្លៃ

សម្រាប់ព័ត៌មានបន្ថែមដែលពាក់ព័ន្ធនឹងកម្មវិធីប្រកួតប្រជែងសរសេរសំបុត្រនេះ សូមចូលទៅកាន់គេហទំព័រ https://mptc.gov.kh/letter-competition/ ឬទាក់ទងទូរសព្ទ ០២៣ ២៣៤ ៩៩៩ / ០១០ ២៦៥ ៧០០ ឬអ៊ីម៉ែល gdpadmin@mptc.gov.kh។

អត្ថបទជាប់ទាក់ទង