ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមនៃគម្រោង “គ្លីនិកបរិវត្តកម្មឌីជីថលនៃសហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឌីជីថល” ចំនួន ១០២រូប មកពី រាជធានី ខេត្តចំនួន៨

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមនៃគម្រោង “គ្លីនិកបរិវត្តកម្មឌីជីថលនៃសហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឌីជីថល ” (Clinic for MSMEs Digital Acceleration for New Growth in Digital Economy)” ចំនួន ១០២រូប មកពី រាជធានី ខេត្តចំនួន៨ ។ គម្រោងនេះឧបត្ថមថវិកាដោយមូលនិធិនៃការកសាងសមត្ថភាព ការស្រាវជ្រាវ និងការអភិវឌ្ឍវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (CBRD) រៀបចំដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងគាំទ្រដោយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។

ថ្លែងក្នុងពិធីបិទនាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានអបអរសាទរ ដល់សិក្ខាកាមនៃគម្រោង “គ្លីនិកបរិវត្តកម្មឌីជីថលនៃសហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឌីជីថល” ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ និងបានរអភិវឌ្ឍជំនាញនិងចំណេះដឹងក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់អាជីវកម្ម។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមទៀតថា កិច្ចសហប្រតិបត្តិការនេះ គឺពិតជាមានសារៈសំខាន់ណាស់រវាងរដ្ឋនិងវិស័យឯកជន ហើយសមាគមសហគ្រិនវ័យក្មេងកម្ពុជា គឺជាកន្លែងដែលប្រមូលធុរជនឆ្នេីម ដែលធ្វេីការយ៉ាងសកម្មក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គមកាន់តែរីកចម្រើនបន្ថែមទៀត។

ស្របជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី មានសង្ឈឹមជឿជាក់ថា តាមរយៈការអនុវត្តគម្រោងនេះ សហគ្រាសធុនមីក្រូ តូច និងមធ្យមនឹងបង្កើតតម្លៃបន្ថែមដែលនាំឱ្យផលិតផលនិងសេវាកម្ម របស់ពួកគេមានការរីកចម្រើន និងភាពប្រកួតប្រជែងកាន់តែប្រសើរឡើងទាំងក្នុងតំបន់និងពិភពលោក។ ឯកឧត្ដម បន្ត ឧបត្ថម្ភ គាំទ្រ ដល់ការរៀបចំវគ្គបណ្ដុះបណ្ដាលនេះ ព្រមទាំងការជួយតម្លេីងប្រព័ន្ធបច្ចេកវិទ្យាសម្រាប់បំពេញតម្រូវការរបស់អាជីវកម្មផងដែរ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់កិត្តិយស ផ្តល់វិញ្ញាបនបត្រដល់សិក្ខាកាមដែលបានបញ្ចប់ការសិក្សាប្រកបដោយបរិយាកាសសប្បាយរីករាយ។

សូមជម្រាបជូនថា សមាគមសហគ្រិនវ័យក្មេងកម្ពុជាត្រូវបានបង្កើតឡើងនៅ ខែកញ្ញា ឆ្នាំ២០០៩ ដោយក្រុមសហគ្រិនវ័យក្មេង ដែលមកពីវិស័យអាជីវកម្មផ្សេងៗគ្នា នៅក្នុងប្រទេសកម្ពុជា ដែលមានបេសកកម្មធ្វើការក្នុងភាពជាដៃគូសហការជាមួយអ្នកពាក់ព័ន្ធនានា ដើម្បីធានាឲ្យមានការប្រកួតប្រជែងថ្នាក់តំបន់ លើធុរកិច្ចបែបបច្ចេកវិទ្យាឌីជីថល អាជីវកម្មប្រកបដោយការច្នៃប្រឌិត និងការបង្កើតថ្មីរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅក្នុងប្រទេសកម្ពុជា។

អត្ថបទជាប់ទាក់ទង

  • “ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន”

  • ការចូលរួមគោរពទង់ជាតិ របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សប្ដាហ៍ទី៣ ខែមិថុនា ឆ្នាំ២០២៤

  • កឧត្តមអនុរដ្ឋលេខាធិការ ហួត ចាន់យ៉ារ៉េត បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ចូលរួមក្នុងពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធចំពោះវីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា