សេចក្តីជូនដំណឹង ស្តីពី ការដាក់ QR Code ដែលអាចផ្ទៀងផ្ទាត់តាមរយៈ “ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh” លើសញ្ញាបត្រដែលចេញដោយសាកលវិទ្យាល័យជាតិគ្រប់គ្រង

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងសាកលវិទ្យាល័យជាតិគ្រប់គ្រង (ស.ជ.គ.) សូមជម្រាបជូននិស្សិត និងសាធារណជនទាំងអស់មេត្តាជ្រាបថា បន្ទាប់ពីចុះកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh រវាង ក.ប.ទ. និង ស.ជ.គ. ដើម្បីដាក់បញ្ចូល QR Code ដែលអាចផ្ទៀងផ្ទាត់តាមរយៈ “ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh” លើសញ្ញាបត្រដែលចេញដោយ ស.ជ.គ. ក្រុមការងារជំនាញបានសហការក្នុងការរៀបចំប្រព័ន្ធនិងបានបញ្ចប់រួចរាល់នូវការដាក់បញ្ចូល QR Code រួមមានដូចខាងក្រោម៖

‐ សញ្ញាបត្រថ្នាក់បណ្ឌិត ជំនាន់ទី២ ចំនួន ១

‐ សញ្ញាបត្រថ្នាក់បណ្ឌិតស្រាវជ្រាវ ជំនាន់ទី៧ ចំនួន ២

‐ សញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់ទី២៣ ចំនួន ២៩៤ និងជំនាន់ទី២៤ ចំនួន ៣៣៥

‐ សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ជំនាន់ទី២៧ ចំនួន ២,៣២៣ និងជំនាន់ទី២៨ ចំនួន ២,២៦៤

សូមបញ្ជាក់ផងដែរថា សញ្ញាបត្រដែលមានដាក់បញ្ចូល QR Code អាចធ្វើការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមរយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងអាចប្រើប្រាស់ជាផ្លូវការដោយមិនតម្រូវឱ្យធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លងនៃសញ្ញាបត្រ ក្នុងទម្រង់ជាក្រដាសឡើយ។

ទន្ទឹមនឹងនេះ ក.ប.ទ. និង ស.ជ.គ. នឹងបន្តសហការដាក់បញ្ចូល QR Code លើសញ្ញាបត្រចេញដោយ ស.ជ.គ. ជូនអតីតនិស្សិតដែលបានបញ្ចប់សញ្ញាបត្រថ្នាក់បណ្ឌិត សញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ដែលនឹងអនុញ្ញាតឱ្យអតីតនិស្សិតនៃ ស.ជ.គ. ទទួលបានសញ្ញាបត្រដែលមាន QR Code ជាឯកសារទន់ (Soft Copy) តាមរយៈសេចក្តីជូនដំណឹងនាពេលខាងមុខឆាប់ៗនេះ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរសព្ទ ១២៣ (ហៅចូលដោយឥតគិតថ្លៃ)។

អាស្រ័យហេតុនេះ សូមនិស្សិតនិងសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន។

អត្ថបទជាប់ទាក់ទង