សេចក្ដីជូនដំណឹង ស្ដីពី ការចុះលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍ នៅខណ្ឌ ៧ មករា ក្នុងរាជធានីភ្នំពេញ

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសាធារណជនជ្រាបថា កន្លងមក ក.ប.ទ. បានបង្កើតក្រុមការងារលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍នៅតាមបុរីក្នុងរាជធានីភ្នំពេញ បែងចែកជាក្រុមការងារប្រតិបត្តិចំនួន ៨ ក្រុម ចុះដោះស្រាយបញ្ហាគុណភាពសេវាទូរសព្ទចល័តនិងអ៊ីនធឺណិតនៅក្នុងបុរី ហើយក្នុងពេលតែមួយ ក.ប.ទ. ក៏បានចាត់ក្រុមការងារបច្ចេកទេសរបស់និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) ដើម្បីចុះវាស់ស្ទង់សេវានិងស្វែងរកដំណោះស្រាយតាមបណ្តាខណ្ឌក្នុងរាជធានីភ្នំពេញផងដែរ។ ជាលទ្ធផល ក.ប.ទ. បានជំរុញឱ្យមានការសាងសង់ “បង្គោលអង់តែនរួម” នៅក្នុងបុរី បានចំនួន ៧៤ បង្គោល ដែលបង្គោលរួមមួយអាចបំពាក់ស្ថានីយ៍អង់តែនរបស់ប្រតិបត្តិករចំនួន ៣ ក្រុមហ៊ុន មានន័យថា មានស្ថានីយអង់តែនចំនួន ១៥៧ បានដាក់ឱ្យដំណើរការ។ សម្រាប់ខណ្ឌទាំង ១៤ ក្នុងរាជធានីភ្នំពេញវិញ ក.ប.ទ. បានជំរុញឱ្យមានការសាងសង់បន្ថែម “បង្គោលអង់តែនរួម” ចំនួន ២៩៨ បង្គោល ដែលមានស្ថានីយអង់តែនចំនួន ៣២០ ត្រូវបានដាក់ឱ្យដំណើរការ។

ជាមួយនឹងលទ្ធផលដែលសម្រេចបាននេះ ក.ប.ទ. នៅតែជួបនឹងបញ្ហាប្រឈមមួយចំនួន ដូចជា៖ ១) ពុំមានទីតាំងសមស្របក្នុងការសាងសង់បង្គោលអង់តែនបន្ថែម ២) បណ្តឹងតវ៉ារបស់ប្រជាពលរដ្ឋនៅតាមទីតាំងត្រៀមសម្រាប់សង់បង្គោលអង់តែន ៣) ការប្រើប្រាស់នូវឧបករណ៍បង្កើនកម្លាំង និង/ឬឧបករណ៍ពង្រីកសេវា (Booster/ Repeater) នៅលំនៅឋានរបស់ប្រជាពលរដ្ឋ និងអគារមួយចំនួន ដែលបានធ្វើឱ្យមានការឆ្លងរំខានយ៉ាងខ្លាំងទៅដល់កម្រិតគុណភាពសេវាទូរសព្ទចល័ត ៤) កង្វះខាតក្នុងការសហការពីម្ចាស់ទីតាំងដែលត្រូវសាងសង់បង្គោលអង់តែន និង ៥) ការសម្របសម្រួលបន្ថែមពីអាជ្ញាធរដែនដី ជាមួយប្រជាពលរដ្ឋជាដើម។

ដូចនេះ ដើម្បីជំរុញការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក.ប.ទ. សម្រេចចាត់ ក្រុមការងារលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍នៅក្នុងរាជធានីភ្នំពេញ បែងចែកជាក្រុមការងារប្រតិបត្តិចំនួន ៩ ក្រុម ឱ្យចុះសិក្សា ស្វែងយល់ និងប្រមូលព័ត៌មាន នៅតាមបុរី អគារ ខុនដូ-អាផាតមិន អគារខ្ពស់ អគារពាណិជ្ជកម្ម ផ្សារទំនើប និងទីតាំងផ្សេងទៀតតាមការចាំបាច់ ដោយចាប់ផ្ដើមអនុវត្តដំបូងចេញពី ខណ្ឌ ៧ មករា ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយសមស្រប លើការលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍ ឱ្យបានកាន់តែប្រសើរ។

អាស្រ័យហេតុនេះ សូមស្ថាប័នពាក់ព័ន្ធ និងសាធារណជនទាំងអស់ ជ្រាបជាព័ត៌មាន និងចូលរួមសហការតាមការគួរ។

អត្ថបទជាប់ទាក់ទង