អបអរសាទរ! ប្រៃសណីយ៍កម្ពុជាដែលបានឈ្នះពានរង្វាន់ពីសហភាពប្រៃសណីយ៍សកល (Universal Postal Union – UPU)
កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងវេទិកា TradePost Forum នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស សហភាពប្រៃសណីយ៍សកល (Universal Postal Union – UPU) បានផ្តល់ពានរង្វាន់ Global Alliance for Trade Facilitation (GATF) Trade Facilitation Innovation Award ជូនប្រៃសណីយ៍កម្ពុជាសម្រាប់គម្រោងរបស់ខ្លួន ស្តីពី e-costoms clearance platform for postal shipment។ ពានរង្វាន់របស់ UPU នេះ ត្រូវបានផ្តល់ដល់ស្ថាប័នដែលមានគំនិតផ្តួចផ្តើម ឬវិធានការសាធារណៈ និងឯកជន សំដៅជំរុញគម្រោងសម្រួលពាណិជ្ជកម្មប្រកបដោយនវានុវត្តន៍ តាមរយ:បណ្តាញប្រៃសណីយ៍។
ការទទួលបានពានរង្វាន់នេះដោយសារប្រៃសណីយ៍កម្ពុជាបានភ្ជាប់ដោយជោគជ័យប្រព័ន្ធប្រតិវេទន៍គយ (Customs Declaration System-CDS) របស់សហភាពប្រៃសណីយ៍សកល (UPU) ជាមួយប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ(ASYCUDA) របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករ ដែលផ្តល់លទ្ធភាពសម្រាប់ការផ្លាស់ប្តូរព័ត៌មានរវាងគ្នា ឆ្លើយតបនឹងការបញ្ចេញវត្ថុបញ្ញើ គាំទ្រដល់កិច្ចព្រមព្រៀងសម្របសម្រួលពាណិជ្ជកម្មរបស់ WTO សម្រាប់ដំណើរការជាមុន មុនបញ្ញើប្រៃសណីយ៍មកដល់ ដោយធ្វើឱ្យមានសុខដុមនីយកម្មនៃប្រព័ន្ធទាំងពីរ ដោយប្រើបច្ចេកទេសគ្រប់គ្រងហានិភ័យទំនើប ផ្សារភ្ជាប់នឹងនីតិវិធី និងការអនុវត្តរបស់អន្តរជាតិ។