សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីប្រគល់-ទទួលកុំព្យូទ័រ ចំនួន ១១៦គ្រឿង ពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងការចែកវិញ្ញាបនបត្របញ្ជាក់ការចូលវគ្គបណ្តុះបណ្តាលឌីជីថល ជូនមន្រ្តីនៃតុលាការកំពូលនិងមហាអយ្យការអមតុលាការកំពូល
នារសៀលថ្ងៃពុធ ១៣ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២៤ តុលាការកំពូលនិងមហាអយ្យការអមតុលាការកំពូល បានរៀបចំពិធីប្រគល់-ទទួលកំព្យូទ័រចំនួន ១១៦គ្រឿង និងពិធីចែកវិញ្ញាបនបត្របញ្ជាក់ការចូលរួមវគ្គបណ្តុះបណ្តាលឌីជីថលលើជំនាញសន្តិសុខសាយប័រនិងអក្ខរកម្មទិន្ឋន័យ ពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ផ្តល់ជូនតុលាការកំពូលនិងមហាអយ្យការអមតុលាការកំពូល។
តុលាការកំពូលនិងមហាអយ្យការអមតុលាការកំពូល បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ស្ដីពី «កិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណិត» កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយតាមរយៈការអនុវត្តអនុស្សរណៈនៃការយោគយល់នេះ តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូលទទួលបាននូវវឌ្ឍនភាពនៃបរិវត្តកម្មឌីជីថលជាផ្លែផ្កា មានជាអាទិ៍៖
1. ការបញ្ចប់ជាស្ថាពរនូវការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត។
2. ការបណ្ដុះបណ្ដាលលើជំនាញឌីជីថលចំនួន ២វគ្គ គឺ វគ្គសន្តិសុខសាយប័រ និងវគ្គអក្ខរកម្មឌីជីថលជូនដល់អគ្គព្រះរាជអាជ្ញារង ចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីតុលាការកំពូលនិងមហាអយ្យការ សរុបចំនួន១១២នាក់ ដែលនឹងទទួលបាននូវវិញ្ញាបនបត្រនាពេលឱកាសនេះផងដែរ។
3. ការបញ្ចប់កិច្ចពិភាក្សាបច្ចេកទេសលើការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh។
4. ការទទួលបាននូវ (១) កុំព្យូទ័រចំនួន ១១៦គ្រឿង (២) Domain Controller សម្រាប់គ្រប់គ្រងសិទ្ធិអ្នកប្រើប្រាស់ (៣) Server ជំនាន់ថ្មីសម្រាប់គ្រប់គ្រងសំណុំរឿងចំនួន ១ គ្រឿង (៣) Server សម្រាប់គ្រប់គ្រងការព្រីននិងការស្គែនឯកសារ ចំនួន ១ គ្រឿង (៤) ម៉ាស៊ីនព្រីននិងស្គែនចំនួន ១០គ្រឿង (៥) ការ Hosting វេបសាយរបស់តុលាការកំពូលនិងមហាអយ្យការអមតុលាការកំពូល និង (៦) អាជ្ញាបណ្ណ Office 365។
តុលាការកំពូលនិងមហាអយ្យការអមតុលាការកំពូល បាននិងកំពុងជំរុញការធ្វើបរិវត្តកម្មឌីជីថល និងកែប្រែស្ថាប័នមួយនេះទៅជាស្ថាប័នឌីជីថល ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ ប្រកបដោយគុណភាព ភាពឆាប់រហ័ស ងាយស្រួល សុក្រឹតភាព និងតម្លាភាព ឆ្លើយតបទៅនឹង «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជាពិសេស បញ្ចកោណ ទី៥ ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥»។
ជាជំហានបន្ទាប់ តុលាការកំពូលនិងមហាអយ្យការអមតុលាការកំពូល នឹងបន្តសហការយ៉ាងជិតស្និតជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លើកិច្ចការអាទិភាពមួយចំនួនបន្ថែមទៀត ដូចជា (១) ដាក់ឱ្យប្រើថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល (២) អភិវឌ្ឍនិងប្រើប្រាស់កម្មវិធីគ្រប់គ្រងសំណុំរឿងដែលគាំទ្រនិងអភិវឌ្ឍដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង (៣) បណ្តុះបណ្តាលនិងជំរុញការចាប់យកឌីជីថលរបស់មន្រ្តីនៃតុលាការកំពូលនិងមហាអយ្យការអមតុលាការកំពូលឱ្យកាន់តែមានគុណភាពល្អប្រសើរ និងប្រសិទ្ធភាពនៃការផ្តល់នូវសេវាយុត្តិធម៌សម្រាប់សង្គមជាតិ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន។