ឯកឧត្តមរដ្ឋលេខាធិការ លីវ សុផាណារិទ្ធិ បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកម្មវិធី 9th Singapore International Cyber Week និងសន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ាន លើកទី៩ នៅប្រទេសសិង្ហបុរី

ប្រទេសសិង្ហបុរី៖ តបតាមការអញ្ជើញរបស់លោកជំទាវ Josephine Teo រដ្ឋមន្ត្រីក្រសួងគមនាគមន៍និងព័ត៌មាន និងជារដ្ឋមន្ត្រីទទួលបន្ទុកសន្តិសុខសាយប័រនៃប្រទេសសិង្ហបុរី, ឯកឧត្តម លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចូលរួមកម្មវិធី 9th Singapore International Cyber Week និងសន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ាន លើកទី៩ ក្រោមប្រធានបទ «ទំនុកចិត្ត និងសុវត្ថិភាពក្នុងយុគសម័យឌីជីថល» កាលពីថ្ងៃទី១៤-១៧ ខែតុលា ឆ្នាំ២០២៤ នៅប្រទេសសិង្ហបុរី។

កម្មវិធីនេះ មានគោលបំណងជំរុញឱ្យមានការសន្ទនារវាងសមាជិកអាស៊ាន និងភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់ទំនុកចិត្ត និងពង្រឹងសន្តិសុខក្នុងលំហឌីជីថល (cyberspace) និងសន្តិសុខសាយប័រ (cybersecurity) ដោយផ្តោតលើការដោះស្រាយការគំរាមគំហែងសន្តិសុខសាយប័រ ដែលរួមបញ្ចូលទាំងការកើនឡើងនៃការព្រួយបារម្ភអំពីមេរោគចាប់ជំរិត Ransomware និងសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងដៃគូរបស់ខ្លួន ដើម្បីទប់ស្កាត់ការគំរាមកំហែងទាំងនេះ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ លីវ សុផាណារិទ្ធិ បានផ្តល់បទអន្តរាគមន៍ លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ក្នុងការដោះស្រាយការគំរាមកំហែងសន្តិសុខសាយប័រដែលកំពុងកើតមាន ដោយលើកឡើងអំពីប្រតិបត្តិការរបស់ CERT ក្នុងតំបន់អាស៊ានថា មានសារៈសំខាន់សម្រាប់ការពង្រឹងភាពធន់នឹងសន្តិសុខសាយប័រ និងបានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងដ៏ទំនើបដូចជា Ransomware និងការវាយប្រហារដោយ AI ។ រដ្ឋសមាជិកអាស៊ានត្រូវសហការ ចែករំលែកជំនាញ និងធ្វើឱ្យកិច្ចសហប្រតិបត្តិការស៊ីជម្រៅជាមួយដៃគូសន្ទនា ដោយផ្តោតលើការចែករំលែកព័ត៌មាននៃការគំរាមកំហែងក្នុងពេលជាក់ស្តែង (real-time) ការកសាងសមត្ថភាពក្នុងតំបន់ ធានានូវបច្ចេកវិទ្យាដែលកំពុងរីកចម្រើនដូចជា AI និង 5G។ល។ និងការសម្របសម្រួលឱ្យមានសង្គតិភាពរួមគ្នាលើគោលនយោបាយសន្តិសុខសាយប័រ។ ឯកឧត្តមបានលើកឡើងថា កិច្ចខិតខំប្រឹងប្រែងទាំងនេះ នឹងជួយនាធានូវអនាគតឌីជីថលប្រកបដោយសុវត្ថិភាព និងភាពធន់សម្រាប់តំបន់។

សូមបញ្ជាក់ផងដែរថា កម្មវិធី 9th Singapore International Cyber Week បានរៀបចំឡើងចំនួន ៩លើក រួចមកហើយ គិតចាប់ពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០២៤ និងកម្មវិធីនេះធ្វើឡើងជារៀងរាល់ឆ្នាំ។ ព្រឹត្តិការណ៍នេះ ប្រមូលផ្តុំដោយអ្នកបង្កើតគោលនយោបាយ អ្នកដឹកនាំឧស្សាហកម្ម និងអ្នកជំនាញសិក្សាស្រាវជ្រាវមកពីជុំវិញពិភពលោក ដើម្បីផ្លាស់ប្តូរឧត្តមានុវត្ត និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិលើប្រធានបទជាច្រើន និងការដោះស្រាយបញ្ហាប្រឈមនៃការអនុវត្តគោលនយោបាយសន្តិសុខឌីជីថល។

#MPTC#GoDigitalCambodia#Cambodia

អត្ថបទជាប់ទាក់ទង