សេចក្តីជូនដំណឹង ស្តីពី ការផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញបច្ចេកវិទ្យាឌីជីថល តាមរយៈ “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល”

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនដំណឹងដល់សិស្សនិស្សិត និងសាធារណជនទាំងអស់ មេត្តាជ្រាបថា ដើម្បីគាំទ្រដល់ដំណើរការអភិវឌ្ឍមូលធនមនុស្សឌីជីថលឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងរដ្ឋាភិបាលឌីជីថល ក.ប.ទ. បានបង្កើត កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល (ក.អ.ជ.ឌ.) ដែលមានឈ្មោះជាភាសាអង់គ្លេសថា Digital Skill Development Program (DSDP) ដែលជាកម្មវិធីជំនួយហិរញ្ញវត្ថុ មិនមែនជាអាហារូបករណ៍ និងមានរហូតដល់ ៣ ០០០ កន្លែង ក្នុងគោលបំណងផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់ (Financial Aid without Interest)។ ក្នុងឆ្នាំសិក្សា ២០២៥ នេះ ក.ប.ទ. និងគ្រឹះស្ថានឧត្តមសិក្សាដៃគូរបស់ ក.អ.ជ.ឌ. នឹងវាយតម្លៃជ្រើសរើសបេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលមានបំណងសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅគ្រឹះស្ថានឧត្តមសិក្សាដៃគូរបស់ ក.អ.ជ.ឌ. ចំនួន ៦ រួមមាន បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) និងសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន (Paragon.U)។

ក. អត្ថប្រយោជន៍

បេក្ខជនជ័យលាភីនៃ ក.អ.ជ.ឌ. នឹងទទួលបានអត្ថប្រយោជន៍ ដូចខាងក្រោម៖

‐ ថវិកាដើម្បីបង់ថ្លៃសិក្សារហូតដល់ចប់ថ្នាក់បរិញ្ញាបត្រ (មិនមែនអាហារូបករណ៍)

‐ កុំព្យូទ័រយួរដៃ ១គ្រឿង (ប្រសិនបើមានតម្រូវការ)

‐ ថ្លៃស្នាក់នៅ (ប្រសិនបើមានតម្រូវការ)

‐ ការប្រឹក្សាយោបល់អំពីការសិក្សា ការស្នាក់នៅ និងការអភិវឌ្ឍអាជីព

‐ ឱកាសការងារល្អ និងប្រាក់បៀវត្សខ្ពស់ក្នុងវិស័យសាធារណៈ និងឯកជន និង

‐ អត្ថប្រយោជន៍ផ្សេងទៀត ដែលទទួលបានតាមរយៈគ្រឹះស្ថានឧត្តមសិក្សានីមួយៗ។

ខ. គ្រឹះស្ថានឧត្តមសិក្សា និងជំនាញសិក្សា

បេក្ខជនអាចជ្រើសរើសគ្រឹះស្ថានឧត្តមសិក្សា និងជំនាញសិក្សា ដូចខាងក្រោម៖

1. បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា៖

‐ ទូរគមនាគមន៍ និងបណ្តាញ (Telecommunications and Networking)៖ ជំនាញវិស្វកម្មទូរគមនាគមន៍និងបណ្ដាញ និងជំនាញសន្តិសុខសាយប័រ

‐ វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science)៖ ជំនាញវិស្វកម្មសុសវែរ និងវិទ្យាសាស្ត្រទិន្នន័យ

‐ ធុរកិច្ចឌីជីថល (Digital Business)៖ ជំនាញពាណិជ្ជកម្មអេឡិចត្រូនិក

2. សាកលវិទ្យាល័យភូមិន្ទភ្នំពេញ៖

‐ វិស្វកម្មទូរគមនាគមន៍ និងអេឡិចត្រូនិច (Telecommunication and Electronics Engineering)

‐ វិស្វកម្ម និងវិទ្យាសាស្រ្តទិន្ន័យ (Data Science and Engineering)

3. សាកលវិទ្យាល័យជាតិគ្រប់គ្រង៖

‐ សេដ្ឋកិច្ចឌីជីថល (Digital Economy)

‐ ព័ត៌មានវិទ្យាធុរកិច្ច (Business Information Technology)

4. វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា៖

‐ វិស្វកម្មសុសវែរ (Software Engineering)

‐ វិស្វកម្មបញ្ញាសិប្បនិម្មិត និងសន្តិសុខសាយប័រ (AI Engineering and Cybersecurity)

5. សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ៖

‐ ការគ្រប់គ្រងព័ត៌មានវិទ្យា / វិទ្យាសាស្ត្រកុំព្យូទ័រ (Information Technology Management / Computer Science)

‐ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (Information and Communication Technology)

‐ សន្តិសុខសាយប័រ (Cybersecurity)

‐ បញ្ញាសិប្បនិម្មិត (Artificial Intelligence)

‐ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល (Digital Infrastructure)

‐ ការអភិវឌ្ឍសុសវែរ (Software Development)

‐ ការវិភាគទិន្នន័យ/ប្រព័ន្ធព័ត៌មាន (Data Analytics/Information Systems)

‐ ការអភិវឌ្ឍនិងការរចនាកម្មវិធីអន្តរកម្ម (Interactive App Design and Development)

6. សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន៖

‐ វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science)

‐ គ្រប់គ្រងប្រព័ន្ធព័ត៌មាន (Management of Information Systems)។

គ. លក្ខខណ្ឌនៃការជ្រើសរើស

បេក្ខជនត្រូវមានលក្ខខណ្ឌ ដូចខាងក្រោម៖

‐ មានសញ្ជាតិខ្មែរ

‐ ទទួលបានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រសមមូល ដែលមាននិទ្ទេសរួម A B ឬ C

‐ ជាបេក្ខជនដែលបានបំពេញគ្រប់លក្ខខណ្ឌនៃការជ្រើសរើសឱ្យចុះឈ្មោះចូលរៀននៅតាមគ្រឹះស្ថានឧត្ដមសិក្សាខាងលើ

‐ ឆ្លងកាត់ការប្រឡង និង/ឬការសម្ភាសន៍

‐ បេក្ខជនមានជីវភាពក្រីក្រ មកពីជនបទដាច់ស្រយាល ជនមានពិការភាព ឬសិស្សនារី ត្រូវបានលើកទឹកចិត្ត។

ឃ. សំណុំលិខិតចុះឈ្មោះស្នើសុំ

បេក្ខជនត្រូវស្កេនភ្ជាប់មកជាមួយនូវឯកសារយោងនៅពេលបំពេញពាក្យអនឡាញ រួមមាន៖

‐ រូបថតទំហំ 4×6

‐ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រសមមូល ឬលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិផ្លូវការ

‐ អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬសំបុត្រកំណើត

‐ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ

‐ ឯកសារសហព័ទ្ធ (ប្រសិនជាមាន) និង

‐ អត្តសញ្ញាណប័ណ្ណ ឪពុក ម្តាយ ឬអាណាព្យាបាល។

ង. កាលបរិច្ឆេទ និងការទទួលពាក្យ

‐ បេក្ខជនត្រូវបំពេញពាក្យស្នើសុំអនឡាញតាមរយៈ www.dsdp.gov.kh/registration

‐ កាលបរិច្ឆេទទទួលពាក្យគិតចាប់ពី ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ រហូតដល់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤

‐ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ ១២៣ ឬអ៊ីម៉ែល info@dsdp.gov.kh។

អាស្រ័យហេតុនេះ សូម សិស្សនិស្សិត និងសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន។

#Scholarships#Bachelor#techodigitaltalentscholarship#CADT#AUPP#RUPP#NUM#PIU#ITC#MPTC#GoDigitalCambodia#Cambodia

អត្ថបទជាប់ទាក់ទង

  • សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផែនការសកម្មភាពអនុវត្តគោលនយោបាយ និងរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យប្រៃសណីយ៍

  • សេចក្តីជូនដំណឹង ស្តីពី កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ “កិច្ចសន្ទនាគោលនយោបាយសាយប័ររវាងសហរដ្ឋអាមេរិក-អាស៊ាន លើកទី៥”