សេចក្ដីជូនដំណឹង ស្ដីពី ការដាក់ឱ្យប្រើប្រាស់កម្មវិធីបកប្រែ TranslateKH ជំនាន់ទី២

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍(ក.ប.ទ.) មានកិត្តិយសសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា កន្លងមក ក.ប.ទ. បានដាក់កម្មវិធីបកប្រែ TranslateKH ជំនាន់ទី១ ទាំងនៅលើគេហទំព័រ និងតេឡេក្រាម ជូនសាធារណជនបានប្រើប្រាស់ជាសាធារណៈរួចហើយ។

ដើម្បីផ្តល់ជាជម្រើសនិងមានភាពងាយស្រួលដល់អ្នកប្រើប្រាស់លើកម្មវិធីបកប្រែ TranslateKH ជំនាន់ទី២ សម្រាប់បកប្រែពីភាសាខ្មែរទៅភាសាអង់គ្លេស និងពីភាសាអង់គ្លេសមកភាសាខ្មែរវិញបានលឿនរហ័ស ក.ប.ទ. បានបង្កើតកម្មវិធីទូរសព្ទគឺ TranslateKH ជំនាន់ទី២ និងបានដាក់ដំណើរការនៅក្នុង PlayStore និង AppStore ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចទាញយកបានដោយឥតគិតថ្លៃ។ បន្ថែមលើនេះ ក.ប.ទ. ក៏បានបង្កើតគេហទំព័រថ្មីមួយទៀតដែលមានអាសយដ្ឋាន www.translate.kh ដើម្បីឱ្យសាធារណជនងាយស្រួលចូលប្រើប្រាស់តាមកុំព្យូទ័រ និងងាយចងចាំឈ្មោះអាសយដ្ឋានគេហទំព័រផងដែរ។

កម្មវិធីបកប្រែ TranslatKH ជំនាន់ទី២ មានសមត្ថភាពខ្ពស់អាចយល់និងធ្វើការបកប្រែផ្អែកតាមបរិបទនៃខ្លឹមសារបកប្រែជាជាងបកប្រែផ្អែកតាមសំណង់ឃ្លាប្រយោគ ដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត រួមបញ្ចូលជាមួយនិងបច្ចេកទេសសិក្សាស៊ីជម្រៅ (Deep Learning) និងម៉ូដែលភាសាធំ (Large Language Model)។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមប្រកាសដាក់ឱ្យប្រើប្រាស់កម្មវិធីទូរសព្ទ TranslateKH និងគេហទំព័រ www.translate.kh ជាសាធារណៈដោយឥតគិតថ្លៃចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

សូម សាធារណជនទាំងអស់ ជ្រាបជាព័ត៌មាននិងចូលរួមប្រើប្រាស់កម្មវិធីបកប្រែ TranslateKH ឱ្យបានទូលំទូលាយ។

#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia