រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម គង់ ផល្លៈ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “សេចក្តីព្រាងប្រកាសអន្តរក្រសួងស្តីពីការដាក់ឱ្យអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសម្រាប់អន្តរការី និងបុគ្គលផ្តល់សេវាតាមប្រព័ន្ធអេឡិចត្រូនិក”។ សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងទាំងពីរ ព្រមទាំងតំណាងសមាគម ក្រុមហ៊ុន និងសហគ្រាស ដែលជាអន្តរការី និងបុគ្គលផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកប្រមាណ ៨៥រូប។









សិក្ខាសាលានេះរៀបចំកិច្ចពិភាក្សាជា ៥ក្រុម ដើម្បីប្រមូលធាតុចូល ចែករំលែកបទពិសោធ និងផ្លាស់ប្ដូរមតិស្ថាបនាពីតំណាងសមាគម ក្រុមហ៊ុន និងសហគ្រាស ដែលជាអន្តរការី និងបុគ្គលផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក លើសេចក្តីព្រាងប្រកាសអន្តរក្រសួងដែលក្រសួងទាំងពីរបានរៀបចំឡើង ពិសេសលើគោលការណ៍ណែនាំចំនួន ៥រួមមាន (១) តម្លាភាព និងសុចរិតភាព (២) កិច្ចការពារ និងសុវត្ថិភាពទិន្នន័យបុគ្គលរបស់អ្នកប្រើប្រាស់ (៣) ការផ្សព្វផ្សាយពាណិជ្ជកម្ម (៤) ការការពារសិទ្ធិកម្មសិទ្ធិបញ្ញា និង (៥) ការដោះស្រាយវិវាទ។
ថ្លែងនៅក្នុងឱកាសបិទអង្គសិក្ខាសាលា ឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសម្តែងការកោតសរសើរចំពោះសិក្ខាកាមទាំងអស់ដែលបានចូលរួមយ៉ាងសកម្មផ្តល់នូវធាតុចូល និងមតិយោបល់ប្រកបដោយស្មារតីស្ថាបនានៅក្នុងកិច្ចពិភាក្សានៃអង្គសិក្ខាសាលា។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្តល់អានុសាសន៍ណែនាំដល់ក្រុមការងារបច្ចេកទេសនៃក្រសួងទាំងពីរទទួលយកនូវរាល់មតិយោបល់ និងធាតុចូលដែលទទួលបានពីក្រុមពិភាក្សាទាំង ៥ ទៅធ្វើការសិក្សា វិភាគ និងកែលម្អសេចក្តីព្រាងប្រកាសអន្តរក្រសួងនេះ ឱ្យកាន់តែមានភាពសុក្រឹត និងគ្រប់ជ្រុងជ្រោយ ដើម្បីធានាថា សេចក្តីព្រាងប្រកាសអន្តរក្រសួងនេះ ក្លាយជាលិខិតបទដ្ឋានគតិយុត្តដ៏មានប្រសិទ្ធភាព ក្នុងការជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជាឱ្យមាននិរន្តរភាព។
#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia

