រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត កៅ គឹមហួន (H.E. Dr. Kao Kim Hourn) អគ្គលេខាធិការអាស៊ាន នៅទីស្ដីការក្រសួង។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តមអគ្គលេខាធិការ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលធុរកិច្ច អាស៊ាន-កម្ពុជា ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ។ ឯកឧត្តមរដ្ឋមន្រ្តី បានចែករំលែកអំពីវឌ្ឍនភាពនៃបរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាល ជោគជ័យនៃការរៀបចំវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ ការកសាងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ការអភិវឌ្ឍធនធានមនុស្សឌីជីថល និងការអភិវឌ្ឍថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល ជាអាទិ៍ ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល VERIFY.GOV.KH និងថ្នាល DG SuperApp។ បច្ចុប្បន្ន ថ្នាល VERIFY ដែលត្រូវបានទទួលស្គាល់ជាថ្នាលសាធារណៈឌីជីថលសកល និងបានទទួលការចាប់អារម្មណ៍យកទៅប្រើប្រាស់ពីសំណាក់ប្រទេសក្នុងតំបន់។





ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការ បានថ្លែងកោតសរសើរចំពោះសមិទ្ធផលគួរឱ្យកត់សម្គាល់របស់ ក.ប.ទ. ជាពិសេស ការអភិវឌ្ឍថ្នាល VERIFY និងថ្នាល DG SuperApp និងគាំទ្រ ក.ប.ទ. ក្នុងការធ្វើពិពិធកម្មថ្នាលខាងលើចូលទៅក្នុងប្រទេសតំបន់អាស៊ាននិងប្រទេសជាមិត្តផ្សេងទៀត។ បន្ថែមលើនេះ ឯកឧត្តមអគ្គលេខាធិការ បានចាត់ទុកការកសាងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់ការយល់ដឹងពីបច្ចេកវិទ្យាឌីជីថលនៅតាមសហគមន៍ ខណៈការយល់ដឹងពីបច្ចេកវិទ្យានៅកម្រិតនៅឡើយ។
ឯកឧត្តមរដ្ឋមន្រ្តី និង ឯកឧត្តមអគ្គលេខាធិការ ក៏បានពិភាក្សាគ្នាពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យាឌីជីថល កិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអាស៊ានលើការងារបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត សន្តិសុខសាយប័រ និងការរៀបចំពិព័រណ៍បច្ចេកវិទ្យាឌីជីថលអាស៊ាន។
មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី និង ឯកឧត្តមបណ្ឌិត ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទបន្ថែមទៀតរវាង ក្រសួង និង អគ្គលេខាធិការដ្ឋានអាស៊ាន។

