ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមកម្មវិធី Asia Tech x Singapore ឆ្នាំ​២០២៦

សិង្ហបុរី៖ តបតាមការអញ្ជើញរបស់ លោកជំទាវ Josephine Teo រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍​ឌីជីថល​និង​ព័ត៌មាននៃ​ប្រទេសសិង្ហបុរី ឯកឧត្ដម​ ជា វ៉ាន់ដេត រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បាន​អញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួម​​កម្មវិធី​ Asia Tech x Singapore ឆ្នាំ​២០២៦ ចាប់ពីថ្ងៃទី១៩-២១ ខែឧសភា ឆ្នាំ២០២៦។ កម្មវិធីនេះ​ជាកម្មវិធី​បច្ចេកវិទ្យា​ឌីជីថល​ធំបំផុត​ប្រចាំឆ្នាំរបស់​ប្រទេស​សិង្ហបុរី ដែល​មាន​ការ​អញ្ជើញចូលរួម​ពី​រដ្ឋមន្ត្រីទទួល​បន្ទុក​វិស័យ​ឌីជីថល​នៃ​បណ្ដា​ប្រទេស​អាស៊ាន និង​ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័នប្រទេសដៃគូ និង​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ រួមមាន Amazon, Google, Nvidia និង​ក្រុមហ៊ុន​បញ្ញាសិប្បនិម្មិត​ជាច្រើនទៀត។

ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍នេះ ឯកឧត្ដមរដ្ឋមន្ត្រីបាន​ជួបពិភាក្សា​ការងារជាមួយ​គណៈប្រតិភូ​ក្រសួង​សារគមនាគមន៍​និង​កិច្ចការ​ឌីជីថលនៃ​ប្រទេសឥណ្ឌូនេស៊ី ដើម្បី​ស្វែងយល់អំពីវឌ្ឍនភាព​ថ្មីៗ ជាពិសេសអភិបាលកិច្ចក្នុង​វិស័យឌីជីថល​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ព្រមទាំង​ពិភាក្សា​អំពី​បរិវត្តកម្មឌីជីថល​ក្នុងវិស័យ​សាធារណៈដែល​មាន​សម្ទុះ​អភិវឌ្ឍខ្លាំង​ក្នុង​ប្រទេស​ទាំង​ពីរ។ ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្រ្តីក៏​បាន​អនុញ្ញាត​ឱ្យតំណាងក្រុមហ៊ុន Google និងតំណាង​ក្រុមហ៊ុន​ផ្កាយរណប Amazon Leo ជួប​សម្ដែង​ការគួរសមនិង​ពិភាក្សាការងារ​។

ថ្លែងក្នុងកិច្ចពិភាក្សា​តុមូល​ថ្នាក់​រដ្ឋមន្ត្រី ​អាស៊ាន​-អាម៉េរិក អំពីកិច្ចសហការ​បញ្ញាសិប្បនិម្មិត ដែលមានការចូលរួមពីរដ្ឋមន្រ្តីទទួលបន្ទុកឌីជីថលអាស៊ាន ឯកឧត្តម Jacob Helberg អនុរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច សហរដ្ឋអាម៉េរិក តំណាងអគ្គលេខាធិការដ្ឋានអាស៊ាន និងតំណាងជាន់ខ្ពស់របស់ក្រុមហ៊ុន Amazon, Google និង Nvidia ឯកឧត្តមរដ្ឋមន្រ្តីបានលើកអំពីវឌ្ឍនភាពការងារពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិតនៅកម្ពុជា មានជាអាទិ៍យុទ្ធសាស្រ្តជាតិស្តីពីបញ្ញាសិប្បនិម្មិត កម្មវិធីអក្ខរកម្មនិងការយល់ដឹកផ្នែកបញ្ញាសិប្បនិម្មិត ការជំរុញការចាប់យកបញ្ញាសិប្បនិម្មិត និងការពង្រឹងសមត្ថភាពផ្នែកទិន្នន័យ ធនធានគណនា និងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការស្រាវជ្រាវនិងអភិវឌ្ឍ តាមរយៈការបង្កើតមជ្ឈមណ្ឌលទិន្នន័យជាត និងមជ្ឈមណ្ឌលស្រាវជ្រាវបញ្ញាសិប្បនិម្មិតនិងវិទ្យាសាស្រ្តទិន្នន័យជាដើម។

កិច្ចសហការកម្រិតតំបន់លើការអភិវឌ្ឍវិស័យឌីជីថលកំពុងជំរុញសម្ទុះអភិវឌ្ឍវិស័យនេះទាំងក្នុងប្រទេសកម្ពុជា និងអនុញ្ញាតឱ្យកម្ពុជាក្លាយជាតួអង្គចូលរួមសកម្មក្នុងកិច្ចការឌីជីថលតំបន់អាស៊ាននិងអន្តរជាតិ។

#AsiaTechxSingapore2026#ATxSG2026#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia