ឯកឧត្តមរដ្ឋលេខាធិការ ជុន វ៉ាត បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការបង្កើតឧបករណ៍វាយតម្លៃកម្រិតសមត្ថភាពអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន »

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ជុន វ៉ាត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការបង្កើតឧបករណ៍វាយតម្លៃកម្រិតសមត្ថភាពអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន (អ.ឌ.ប.ព.)» ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងអង្គការក្រៅរដ្ឋាភិបាល សរុបប្រមាណជាង ៥០នាក់ នៅទីស្តីការ ក.ប.ទ.។

សិក្ខាសាលាពិគ្រោះយោបល់នេះ រៀបចំឡើងដើម្បីពិនិត្យ និងពិភាក្សាលើឧបករណ៍វាស់ស្ទង់សមត្ថភាព អ.ឌ.ប.ព. ដែលបានរៀបចំឡើងដោយក្រុមការងារ ក.ប.ទ. និងទីប្រឹក្សាបច្ចេកទេសរបស់អង្គការយូណេស្កូ (UNESCO) ក្នុងគោលបំណងសំខាន់ៗចំនួន ៣ គឺ៖ ១).ស្វែងរកការគាំទ្រ និងឯកភាពរួមគ្នារវាងក្រសួងជំនាញពាក់ព័ន្ធ លើការបង្កើតឧបករណ៍វាស់ស្ទង់សមត្ថភាពនេះ ២).ប្រមូលអនុសាសន៍ និងធាតុចូលពីអ្នកជំនាញលើវិធីសាស្ត្ររៀបចំ កម្រងសំណួរ និងរូបមន្តដាក់ពិន្ទុ និង ៣).ស្វែងរកការគាំទ្រយូរអង្វែង ដើម្បីប្រែក្លាយឧបករណ៍វាស់ស្ទង់សមត្ថភាពនេះជាថ្នាលឌីជីថល សម្រាប់បម្រើតម្រូវការវាស់ស្ទង់ និងចេញលិខិតបញ្ជាក់កម្រិតសមត្ថភាព អ.ឌ.ប.ព. ជូនអ្នកប្រើប្រាស់។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ​ បានគូសបញ្ជាក់ថា ឧបករណ៍វាស់ស្ទង់សមត្ថភាពនេះជាជំហានដ៏សំខាន់ ក្រោយការដាក់ចេញ «ក្របខណ្ឌសមត្ថភាព អ.ឌ.ប.ព.» កាលពីខែមីនា ឆ្នាំ២០២៤ ដើម្បីជួយដល់ស្ថាប័ននិងបុគ្គលក្នុងការវាស់ស្ទង់សមត្ថភាពជាក់លាក់ និងស្វែងរកការបណ្តុះបណ្តាលចំគោលដៅ។ ក្របខណ្ឌរួមនេះ នឹងប្រើជាមូលដ្ឋានគ្រឹះក្នុងការ៖ ១). រៀបចំកម្មវិធីបណ្តុះបណ្តាលសម្រាប់សិស្សនិងប្រជាពលរដ្ឋ ២). លើកកម្ពស់ការយល់ដឹងពីប្រព័ន្ធផ្សព្វផ្សាយនិងឌីជីថល ៣). ពិនិត្យនិងកែលម្អកម្មវិធីសិក្សាដែលមានស្រាប់ និង ៤). វាយតម្លៃសមត្ថភាពអក្ខរកម្ម ឌីជីថល សំដៅកសាង «ពលរដ្ឋឌីជីថល» ដែលមានសក្តានុពល និងការទទួលខុសត្រូវ ក្នុងការចូលរួមជំរុញសេដ្ឋកិច្ច សង្គម និងបរិវត្តកម្មឌីជីថលនៅកម្ពុជា។

បន្ថែមលើនេះ ឯកឧត្តមរដ្ឋលេខាធិការ បានស្នើឱ្យសមាជិកអង្គសិក្ខាសាលាចូលរួមពិភាក្សាឱ្យបានផុសផុល ដើម្បីផ្តល់ធាតុចូលសំខាន់ៗលើ៖ ១). វិធីសាស្រ្តវាស់ស្ទង់ (Methodology) ២). ប្រភេទកម្រងសំណួរតាមផ្នែកនីមួយៗ (Domains Categorization) និង ៣). ចំណាត់ថ្នាក់ពិន្ទុ (Scoring Rubric) ដើម្បី​កំណត់​ស្តង់​ដា​សមត្ថភាពចាំបាច់ និងប្រែក្លាយឧបករណ៍នេះឱ្យទៅជាឧបករណ៍វាយតម្លៃពេញលេញ និងមានប្រសិទ្ធភាពខ្ពស់។

#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia