រាជធានីភ្នំពេញ៖ នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីសម្ពោធដាក់ឱ្យប្រើជាផ្លូវការ សេវាបញ្ញើឆាប់រហ័ស មិត្តហ្វូន អិចប្រេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមកម្ពុជា ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ឯក ង្វៀន វ៉ាន់ ហ្គូវ (Nguyen Van Gau) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ថ្នាក់ដឹកនាំនិងបុគ្គលិកក្រុមហ៊ុនវៀតធេលខេមបូឌៀ និងភ្ញៀវជាតិអន្តរជាតិ ដ៏ច្រើនកុះករ។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា ខណៈពេលដែលពាណិជ្ជកម្មតាមបែបឌីជីថលបន្តកើនឡើងជាលំដាប់ សេវាកម្មភស្តុភារកម្ម ដែលមានប្រសិទ្ធភាព និងសេវាកម្មឌីជីថលដែលមានទំនុកចិត្ត មានសារៈសំខាន់ណាស់ក្នុងការសម្របសម្រួលការផ្លាស់ទីទំនិញឆ្លងកាត់ព្រំដែន។ ក្នុងន័យនេះ ពិធីសម្ពោធដាក់ឱ្យប្រើជាផ្លូវការ មិត្តហ្វូន អិចប្រេស នៅថ្ងៃនេះ គឺបានចូលរួមចំណែកដល់ចក្ខុវិស័យកាន់តែទូលំទូលាយក្នុងការបង្កើនការតភ្ជាប់ក្នុងតំបន់ ពង្រឹងសមាហរណកម្មសេដ្ឋកិច្ច និងបង្កើតឱកាសថ្មីៗសម្រាប់អាជីវកម្ម និងអ្នកប្រើប្រាស់នៅសងខាងព្រំដែន។









ឯកឧត្តមរដ្ឋមន្រ្តី បន្តថា ពាណិជ្ជកម្មឌីជីថលអាចរីកចម្រើនទៅមុខបានត្រូវការជាចាំបាច់នូវបណ្តាញសំខាន់ៗចំនួន ៣ (បី) រួមមាន ទី១). បណ្ដាញព័ត៌មាន ដែលដំណើរការទៅបានដោយសារប្រព័ន្ធទូរគមនាគមន៍ និង អ៊ីនធឺណិត ទី២). បណ្ដាញហិរញ្ញវត្ថុ ដែលដំណើរការទៅបានដោយសារប្រព័ន្ធទូទាត់ប្រាក់ឌីជីថល និង បច្ចេកវិទ្យាហិរញ្ញវត្ថុ និងទី៣). បណ្ដាញភស្តុភារកម្ម ដែលដំណើរការទៅបានដោយសារសេវាប្រៃសណីយ៍ និង សេវាដឹកជញ្ជូនទំនិញ។
មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យក្រុមហ៊ុន Metfone Express ជំរុញការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដូចជាប្រព័ន្ធតាមដានទំនិញជាក់ស្តែង (Real-time Tracking) ការវិភាគទិន្នន័យ បញ្ញាសិប្បនិម្មិត (AI) និងដំណោះស្រាយឡូជីស្ទីកឆ្លាតវៃ ដើម្បីបង្កើនគុណភាព ភាពជឿជាក់ និងប្រសិទ្ធភាពនៃសេវាកម្ម ហើយបន្តពង្រីកវិសាលភាពសេវាកម្មឱ្យគ្របដណ្តប់ដល់តំបន់ជនបទ និងតំបន់ដាច់ស្រយាល ដើម្បីធានាថាប្រជាពលរដ្ឋគ្រប់រូបអាចទទួលបានសេវាបញ្ញើឆាប់រហ័ស ដែលងាយស្រួល និងមានតម្លៃសមរម្យ។
#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia

