ហ្សឺណែវ៖ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ដែលជាថ្ងៃទីពីរនៃ “កិច្ចសន្ទនាសកលស្ដីពីអភិបាលកិច្ចបញ្ញាសិប្បនិម្មិត” ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានជួបពិភាក្សាការងារជាមួយស្ថាប័ននិងប្រទេសជាច្រើន ដើម្បីពង្រឹងទំនាក់ទំនងវិស័យឌីជីថលកម្ពុជា។
ឯកឧត្ដមរដ្ឋមន្ត្រី បានពិភាក្សាការងារជាមួយ ឯកឧត្ដម Amandeep Singh Gill អគ្គលេខាធិការរងនិងជាប្រេសិតពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកបច្ចេកវិទ្យាឌីជីថលនិងបច្ចេកវិទ្យាឈានមុខ និងបានជម្រាបឯកឧត្ដមអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សមត្ថភាពឌីជីថលរបស់ប្រជាពលរដ្ឋនៅគ្រប់កម្រិត តាមរយៈកម្មវិធីដូចជាអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ និងគម្រោងបន្ទប់កុំព្យូទ័រនៅសាលាបឋមសិក្សាគោលដៅ ព្រមទាំងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថលសាធារណៈ ដូចជាថ្នាល verify.gov.kh ជាដើម។ ឯកឧត្ដមប្រេសិតពិសេសបានកោតសរសើរចំពោះការប្ដេជ្ញាចិត្តរបស់កម្ពុជា និងជោគជ័យរបស់ថ្នាល verify.gov.kh ព្រមទាំងបានអញ្ជើញកម្ពុជាផ្សព្វផ្សាយថ្នាលនេះលើ UN Digital Cooperation Portal និងអញ្ជើញកម្ពុជាធ្វើជាសហប្រធានកម្មវិធី UN Open Source Week នាឆ្នាំ២០២៧ផងដែរ។







លើសពីនេះ ឯកឧត្ដមរដ្ឋមន្ត្រីបានជួបជាមួយរដ្ឋមន្រ្តីក្រសួងឌីជីថល រួមមាន (១) ឯកឧត្ដមរដ្ឋមន្រ្តី Mark-Alexandre Doumba ប្រទេសហ្កាបុង (២) ឯកឧត្ដមរដ្ឋមន្រ្តី Haliki Mahamat ប្រទេសឆាដ (៣) ឯកឧត្ដមរដ្ឋមន្ត្រី Américo Muchanga ប្រទេសម៉ូសំប៊ិក (៤) ឯកឧត្ដមរដ្ឋមន្រ្តី Samba Diouf ប្រទេសសេណេហ្កាល់ និង (៥) ឯកឧត្ដមរដ្ឋមន្រ្តី Djibril Ouattara ប្រទេសកូតឌីវ័រ ដើម្បីចែករំលែកបទពិសោធរបស់កម្ពុជាជូនបណ្ដាប្រទេសបានជ្រាប។ ឆ្លៀតឱកាសនេះ ឯកឧត្ដមរដ្ឋមន្ត្រីបានអញ្ជើញរដ្ឋមន្ត្រីនៃប្រទេសទាំង៥ ចូលរួមកម្មវិធី Francotech ដែលនឹងរៀបចំនៅចុងឆ្នាំ២០២៦ ក្នុងឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាជាម្ចាស់ផ្ទះ។
ឯកឧត្ដមរដ្ឋមន្ត្រីក៏បានជួបសំណេះសំណាលនិងពិភាក្សាការងារជាមួយ លោកជំទាវ Deema Al Yahya អគ្គលេខាធិការអង្គការសហប្រតិបត្តិការឌីជីថល ដើម្បីបន្តពិភាក្សាលើលទ្ធភាពសហការ។ លោកជំទាវមានបំណងអញ្ជើញកម្ពុជាចូលជាសមាជិកនៃអង្គការសហប្រតិបត្តិការឌីជីថល ដោយឃើញពីសមិទ្ធផលបរិវត្តកម្មឌីជីថលកម្ពុជា ដែលមានការទទួលស្គាល់អន្តរជាតិជាបន្តបន្ទាប់។
កិច្ចខិតខំប្រឹងប្រែងទាំងនេះ ជាការអនុវត្តវិធានការគោលនយោបាយបរិវត្តកម្មឌីជីថលរបស់កម្ពុជាក្រោមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ព្រមទាំងការលើកកម្ពស់ពហុភាគីនិយមក្នុងកិច្ចសហប្រតិបត្តិការឌីជីថលរបស់កម្ពុជា សំដៅពង្រឹងភាពធន់នៃប្រព័ន្ធអេកូឡូស៊ីឌីជីថលជាតិ និងចូលរួមពង្រឹងប្រព័ន្ធអេកូឡូស៊ីឌីជីថលតំបន់និងពិភពលោក។
#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia

