ឯកឧត្តម អុឹង សុខឧត្តម បានដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គលើកទី១ ស្តីពី យន្តការសកលលើសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៅសហរដ្ឋអាមេរិក

ទីក្រុងញូវយ៉ក៖ នៅថ្ងៃទី២០ ដល់ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អុឹង សុខឧត្តម ទីប្រឹក្សាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានដឹកនាំគណៈប្រតិភូក្រសួងចូលរួមកិច្ចប្រជុំពេញអង្គលើកទី១ ស្តីពី យន្តការសកលលើសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដែលមានការអញ្ជើញចូលរួមពីរដ្ឋជាសមាជិកដែលមានទំនួលខុសត្រូវក្នុងវិស័យសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដើម្បីធ្វើការរួមគ្នាក្នុងការកសាងសមត្ថភាពលើប្រព័ន្ធសន្តិសុខសាយប័រសកល និងជំរុញការអនុវត្តជាក់ស្តែងនៃក្របខ័ណ្ឌដែលបានព្រមព្រៀងគ្នា។

កិច្ចប្រជុំពិភាក្សានេះ ផ្តោតសំខាន់លើការដោះស្រាយបញ្ហាគម្លាតសមត្ថភាពបច្ចេកទេសចំពោះស្ថាប័ននីមួយៗដែលអាចធ្វើឱ្យប្រទេសកំពុងអភិវឌ្ឍន៍ងាយរងគ្រោះដោយសារការគំរាមកំហែងតាមប្រព័ន្ធអុីនធឺណិត ការដោះស្រាយនិងបំពេញបន្ថែមគម្លាតទាំងនេះវាមានសារៈសំខាន់ណាស់ក្នុងកិច្ចការពារសន្តិសុខសកល។

នៅក្នុងកិច្ចប្រជុំ ឯកឧត្តម បានគូសបញ្ជាក់ថា បរិវត្តកម្មឌីជីថលនិងភាពធន់នៃការប្រើប្រាស់អីនធឺណិតបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយប្រសិទ្ធភាព គឺត្រូវពឹងផ្អែកលើមូលដ្ឋានគ្រឹះឌីជីថលដែលមានសុវត្ថិភាពខ្ពស់។ ឯកឧត្តមក៏បានជម្រាបជូនអំពីវឌ្ឍនភាពរបស់កម្ពុជាក្នុងការរៀបចំសេចក្តីព្រាងច្បាប់សន្តិសុខសាយប័រ ដោយប្រឹក្សាយោបល់ជាមួយ UNIDIR កាណាដា អូស្ត្រាលី និងអាស៊ានជាដើម។ ឯកឧត្តម បានលើកឡើងអំពីការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជាក្នុងការធ្វើកិច្ចសហប្រតិបតិ្តការជាមួយរដ្ឋជាសមាជិកអង្គការសហប្រជាជាតិ ដើម្បីធ្វើឱ្យបច្ចេកវិទ្យាឌីជីថល មានសុវត្ថិភាព ប្រសិទ្ធភាព និងបរិយាបន្ន។

#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia