សេចក្ដីជូនដំណឹង ស្ដីពី ការបើកទទួលពាក្យចូលរួមកម្មវិធីពន្លឿននិងអភិវឌ្ឍធុរកិច្ចថ្មីឌីជីថល រដូវកាលទី៣

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសាធារណជន និងសហគមន៍ធុរកិច្ចថ្មីឌីជីថលទាំងអស់មេត្តាជ្រាបថា កម្ពុជាកំពុងបន្តបោះជំហានយ៉ាងរឹងមាំក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថល និងនវានុវត្តន៍ ដើម្បីគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងជាមួយប្រទេសនៅក្នុងតំបន់។ ក.ប.ទ. បានចូលរួមកសាងបរិយាកាសអំណោយផលសម្រាប់ធុរកិច្ចថ្មីឌីជីថល តាមរយៈការអភិវឌ្ឍគោលនយោបាយ ការពង្រឹងសមត្ថភាពសហគ្រិន ការតភ្ជាប់ជាមួយដៃគូអន្តរជាតិ និងការបង្កើតឱកាសទាក់ទាញវិនិយោគ។

ជាជំហានបន្ត ក.ប.ទ. ក្រុមហ៊ុន Plug and Play និង AUPP Technology Center (ATC) បានសហការរៀបចំ កម្មវិធីពន្លឿន និងអភិវឌ្ឍធុរកិច្ចថ្មីឌីជីថល រដូវកាលទី៣ (Innovate Cambodia Accelerator Program – Batch 3) ដែលនឹងចាប់ផ្តើមនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីគាំទ្រធុរកិច្ចថ្មីឌីជីថលដែលមានសក្តានុពលឱ្យអាចអភិវឌ្ឍផលិតផល ពង្រីកអាជីវកម្ម ត្រៀមទទួលការវិនិយោគ និងឈានចូលទីផ្សារតំបន់ និងសកលលោក។

ជាលទ្ធផល ក្នុងកម្មវិធីពន្លឿននិងអភិវឌ្ឍធុរកិច្ចថ្មីឌីជីថល រដូវកាលទី១ និងទី២ កន្លងមក ធុរកិច្ចថ្មីឌីជីថលកម្ពុជាចំនួន២១ នៃប្រមាណ ១៥០ធុរកិច្ចថ្មីឌីជីថល បានទទួលចំណេះដឹង ការណែនាំពីគ្រូបង្វឹក (Mentors) និងការបណ្តុះបណ្តាលពីអ្នកជំនាញអន្តរជាតិ។ ទន្ទឹមនឹងនេះ កម្មវិធីក៏បានរៀបចំបញ្ជូនធុរកិច្ចថ្មីឌីជីថលចំនួន១៨ ចូលរួមកម្មវិធីនៅប្រទេសសិង្ហបុរី និងធុរកិច្ចថ្មីឌីជីថលចំនួន៧ ចូលរួមកម្មវិធីនៅសហរដ្ឋអាម៉េរិក ដើម្បីបង្ហាញផលិតផលនិងសេវាកម្មរបស់ខ្លួន ព្រមទាំងស្វែងរកឱកាសតភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនធំៗ និងអ្នកវិនិយោគ តាមរយៈបណ្ដាញសកលរបស់ក្រុមហ៊ុន Plug and Play។ ជាក់ស្ដែង ក្នុងឆ្នាំ២០២៦ ក្រុមហ៊ុន Plug and Play ក៏បានប្រកាសវិនិយោគលើធុរកិច្ចថ្មីឌីជីថលរបស់កម្ពុជាចំនួន ២ គឺ Bamnang (បំណង) និង KonektAgri។ សមិទ្ធផលទាំងនេះបានបង្ហាញពីភាពរីកចម្រើនជាក់ស្តែងនៃប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថលរបស់កម្ពុជា និងការកើនឡើងនៃការទទួលស្គាល់ពីសហគមន៍អន្តរជាតិ។

កម្មវិធីពន្លឿន និងអភិវឌ្ឍធុរកិច្ចថ្មីឌីជីថល រដូវកាលទី៣ នឹងបើកទទួលពាក្យចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។ ក.ប.ទ. សូមអញ្ជើញធុរកិច្ចថ្មីឌីជីថលដែលមានគំនិតច្នៃប្រឌិត និងមានបំណងពង្រីកអាជីវកម្ម ចូលរួមដាក់ពាក្យតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/pnp-icap ឬ ស្កេន QR Code ខាងក្រោម។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកអ៊ីមែល p.leang@pnptc.com ឬទូរសព្ទលេខ ០១២ ៨៩៩ ៤១០។

សេចក្ដីដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងសហគមន៍ធុរកិច្ចថ្មីឌីជីថលទាំងអស់ជ្រាបជាព័ត៌មាន និងចូលរួមឱ្យបានច្រើន។

#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia