ក្រុមការងារបញ្ជ្រាបយេនឌ័រនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាស្ដីពី ការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រីប្រកបដោយបរិយាបន្នក្នុងវិស័យបច្ចេកវិទ្យាឌីជីថល

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ប្រាក់ ច័ន្ទណយ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្ជ្រាបយេនឌ័រនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្ដីពី ការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រីប្រកបដោយបរិយាបន្នក្នុងវិស័យបច្ចេកវិទ្យាឌីជីថល ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក និយោជិត នៃ ក.ប.ទ និងមន្ទីរ ប.ទ. គ្រប់ខេត្ត សរុបប្រមាណ ២៧០រូប នៅទីស្តីការ ក.ប.ទ.។

ជាមួយគ្នានេះ លោកជំទាវរដ្ឋលេខាធិការ ប្រាក់ ច័ន្ទណយ បានមានប្រសាសន៍ថា សិក្ខាសាលានៅថ្ងៃនេះ រៀបចំឡើងមានគោលបំណងក្នុងការបង្កើតកាលានុវត្តភាពស្មើគ្នា កាត់បន្ថយគម្លាតយេនឌ័រ និងពង្រឹងសមត្ថភាពស្រ្តីឱ្យក្លាយជាកម្លាំងចលករសំខាន់ក្នុងការដឹកនាំ និងដើរទាន់បច្ចេកវិទ្យាឌីជីថល ហើយជាវេទិកាដ៏មានសារៈសំខាន់មួយ សម្រាប់យើងទាំងអស់គ្នា ពិចារណាអំពី តួនាទី សក្តានុពល និងភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងការកសាងអនាគតឌីជីថល។ លោកជំទាវរដ្ឋលេខាធិការ បានបន្ថែមថា ដើម្បីឱ្យស្ត្រីអាចដើរតួនាទីកាន់តែសំខាន់ក្នុងវិស័យបច្ចេកវិទ្យាឌីជីថល យើងត្រូវបង្កើតឱកាសឱ្យក្មេងស្រី និងស្ត្រីបន្តទទួលបានចំណេះដឹង និងជំនាញឌីជីថល ជាមួយបរិយាកាសការងារដែលមានភាពស្មើគ្នា និងផ្តល់ឱកាសដល់ស្ត្រី ដើម្បីឈានទៅកាន់តួនាទីដឹកនាំ។

លើសពីនេះទៀត លោកជំទាវរដ្ឋលេខាធិការ មានសង្ឃឹមថា មន្ត្រីរាជការ និងអ្នកពាក់ព័ន្ធផ្សេងទៀត ដែលបានចូលរួម និងបានបង្កើនគុណភាពចំណេះដឹង ផ្លាស់ប្តូរផ្នត់គំនិត មានភាពរឹងមាំ មានសមត្ថភាពក្នុងការដោះស្រាយបញ្ហាការងារ ការរក្សាសុខុមាលភាពខ្លួនឯង និងក្រុមការងារបានល្អប្រសើរ។ ហើយសិក្ខាសាលានៅថ្ងៃនេះនឹងក្លាយជាផ្នែកមួយនៃការកសាងអនាគតឌីជីថល ដែលមានសមភាព មានបរិយាបន្ន និងមិនទុកនរណាម្នាក់ចោលឡើយ។

#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia