ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធី “Community Series: Empowering Innovation: The Founder and Investor Nexus”

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធី “Community Series: Empowering Innovation: The Founder and Investor Nexus” ដែលសហការរៀបចំដោយ មជ្ឈមណ្ឌល Plug and Play Cambodia មជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP Technology Center (ATC) និង ក.ប.ទ. នៅមជ្ឈមណ្ឌលបច្ចេកវិទ្យា ATC ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ក.ប.ទ. ក្រុមហ៊ុនឯកជន វិនិយោគិន ធុរកិច្ចថ្មីឌីជីថលកម្ពុជា និងនិស្សិតប្រមាណ ១០០នាក់។

កម្មវិធីនេះមានគោលបំណងប្រមូលផ្តុំស្ថាបនិកធុរកិច្ចថ្មីឌីជីថល វិនិយោគិន និងភាគីពាក់ព័ន្ធនៅក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថល ដើម្បីពិភាក្សានិងយល់ដឹងអំពីការស្វែងរកទុនវិនិយោគតាមរយៈ ការត្រៀមខ្លួនសម្រាប់ការវិនិយោគ ការកសាងភាពជាដៃគូនិងទំនុកចិត្តជាមួយវិនិយោគិន ការចាប់យកឱកាសពង្រីកខ្លួនទៅក្នុងតំបន់ និងទាញយកអត្ថប្រយោជន៍ពីបណ្ដាញទំនាក់ទំនងដើម្បីពន្លឿនអាជីវកម្មប្រកបដោយនវានុវត្តន៍។ ក្នុងនោះដែរ មជ្ឈមណ្ឌល Plug and Play ក៏បានធ្វើការផ្សព្វផ្សាយអំពីកម្មវិធីពន្លឿនធុរកិច្ចថ្មីឌីជីថលរដូវកាលទី៣ (Innovate Cambodia Accelerator Program – Batch 3) ដើម្បីបន្តការអភិវឌ្ឍគំនិតច្នៃប្រឌិត ការផ្សារភ្ជាប់ទំនាក់ទំនង និងការយល់ដឹងពីយុទ្ធសាស្រ្តពង្រីកទីផ្សារ ព្រមទាំងតភ្ជាប់ទំនាក់ទំនងជាមួយវិនិយោគិនអន្តរជាតិ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា មជ្ឈមណ្ឌល Plug and Play បានដើរតួរយ៉ាងសំខាន់ក្នុងពង្រឹងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថលកម្ពុជា ដោយតភ្ជាប់ធុរកិច្ចថ្មីឌីជីថលកម្ពុជាជាមួយអ្នកជំនាញអន្តរជាតិ វិនិយោគិន និងទីផ្សារក្នុងតំបន់។ តាមរយៈភាពជាដៃគូជាមួយមជ្ឈមណ្ឌល Plug and Play ធុរកិច្ចថ្មីឌីជីថលកម្ពុជាចំនួន ២ គឺ Bamnang និង KonektAgri ទទួលបានការវិនិយោគដោយជោគជ័យ ហើយធុរកិច្ចថ្មីឌីជីថលកម្ពុជាមួយចំនួនទៀតក៏នឹងទទួលបានការវិនិយោគជាបន្តបន្ទាប់ផងដែរ ដែលបង្ហាញពីសក្តានុពល នៃភាពច្នៃប្រឌិតដែលកំពុងរីកចម្រើនរបស់ប្រទេសកម្ពុជា។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានអំពាវនាវដល់វិនិយោគិនទាំងអស់កុំឱ្យមើលរំលងធុរកិច្ចថ្មីឌីជីថលកម្ពុជា ក៏ដូចជាថ្នាល និងសេវាឌីជីថលអភិវឌ្ឍដោយកម្ពុជា ដែលមានភាពច្នៃប្រឌិតនិងសក្តានុពល ហើយចំពោះវិនិយោគិនក្នុងស្រុកទាំងអស់ត្រូវចាប់យកឱកាសនេះដើម្បីរួមគ្នាជួយដល់ធុរកិច្ចថ្មីឌីជីថលកម្ពុជា ដើម្បីអភិវឌ្ឍនូវបច្ចេកវិទ្យា និងជំរុញកំណើនសេកដ្ចិកិច្ចឌីជីលថនៅកម្ពុជាផងដែរ។