រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហួត ចាន់យ៉ារ៉េត អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងជាអនុប្រធានអនុគណៈកម្មការ បង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនតាមបញ្ញើប្រៃសណីយ៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយលើការបង្ការទប់ស្កាត់និងបង្រ្កាបបញ្ញើហាមឃាត់ឆ្លងកាត់តាមសេវាប្រៃសណីយ៍ និងផ្សព្វផ្សាយបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ឯកឧត្តមឧត្តមសេនីយ៍ឯក សំ វណ្ណវីរៈ អគ្គស្នងការរង នៃអគ្គស្នងការនគរបាលជាតិ តំណាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងសាលាដំបូងរាជធានីភ្នំពេញ តំណាងព្រះរាជអាជ្ញា នាយកដ្ឋានសន្តិសុខផ្ទៃក្នុង មន្ទីរប្រឆាំងគ្រឿងញៀន ស្នងការរង និងប្រធានការិយាល័យទទួលផែនគ្រឿងញៀនទាំង២៤ខេត្ត ព្រមទាំងមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តទាំង២៤ និងតំណាងប្រតិបត្តិករផ្តល់សេវាបញ្ញើប្រៃសណីយ៍ នៅទីស្តីការ ក.ប.ទ.។
សិក្ខាសាលានេះ សហការរៀបចំដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងមហាផ្ទៃ ក្នុងគោលបំណង១)-ពង្រឹងការយល់ដឹងដល់ប្រតិបត្តិករសេវាប្រៃសណីយ៍ និងភាគីពាក់ព័ន្ធ អំពីប្រភេទបញ្ញើហាមឃាត់ និងបទពិសោធនៃការទប់ស្កាត់ និងបង្រ្កាបបញ្ញើហាមឃាត់ ២)-ផ្សព្វផ្សាយនូវលិខិតបទដ្ឋានគតិយុត្តជាធរមាន ពាក់ព័ន្ធនិងបញ្ញើហាមឃាត់ និង ៣)-ជំរុញកិច្ចសហការកាន់តែជិតស្និទ្ធរវាងស្ថាប័នមានសមត្ថកិច្ច ប្រតិបត្តិករប្រៃសណីយ៍ ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសប្រកបដោយប្រសិទ្ធភាព។









ជាមួយគ្នានេះ ឯកឧត្តមអនុរដ្ឋលេខាធិការ ហួត ចាន់យ៉ារ៉េត បានមានប្រសាសន៍ថា វិស័យប្រៃសណីយ៍បានដើរតួយ៉ាងសំខាន់ក្នុងការបញ្ជូននិងចែកចាយបញ្ញើ បម្រើដល់ការទំនាក់ទំនងគ្នា ពិសេសក្នុងយុគសម័យឌីជីថល និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បានធ្វើឱ្យការប្រើប្រាស់សេវាប្រៃសណីយ៍កាន់តែសម្បូរបែប។ ទន្ទឹមនឹងនេះ ក៏មានជនខិលខូចបានឆ្លៀតយកឱកាសនេះ ធ្វើអំពើទុច្ចរិក ដោយបានផ្ញើបញ្ញើហាមឃាត់តាមបញ្ញើប្រៃសណីយ៍ ដូចជា ផ្ញើលាក់បង្កប់សារធាតុញៀន គ្រាប់បែកឬគ្រឿងផ្ទុះ និងសត្វព្រៃ ដែលច្បាប់ហាមឃាត់ជាដើម ដែលប៉ះពាល់ដល់សុខភាពសាធារណៈ សណ្តាប់ធ្នាប់ និងសនិ្តសុខសង្គម។
ឯកឧត្តមអនុរដ្ឋលេខាធិការ បានបញ្ជាក់ថា ដោយមើលឃើញពីបញ្ហានេះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានណែនាំដ៏ខ្ពង់ខ្ពស់ឱ្យរៀបចំសិក្ខាសាលានេះឡើង ដើម្បីបញ្ជ្រាបការយល់ដឹងឱ្យកាន់តែស៊ីជម្រៅដល់ប្រតិបត្តិករប្រៃសណីយ៍ និងអង្គភាពស្ថាប័នពាក់ព័ន្ធ សំដៅចូលរួមលុបបំបាត់ឱ្យខាងតែបាននូវអំពើល្មើសទាំងអស់នេះ ស្របតាមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀន ក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត» របស់ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ថ្មីៗនេះ។
#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia

