ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សហការជាមួយអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) រៀបចំសិក្ខាសាលាស្តីពី «ការលើកកម្ពស់សុវត្ថិភាពលើប្រព័ន្ធអនឡាញសម្រាប់កុមារ» នៅខេត្តកំពង់ធំ និងព្រះវិហារ!

ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនយ៉ាងរហ័សនៃបច្ចេកវិទ្យាឌីជីថល និងការពារកុមារ-យុវជនកម្ពុជាពីហានិភ័យផ្សេងៗលើអ៊ីនធឺណិត ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានសហការជាមួយអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) និងអង្គការដៃគូ បានរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹងស្តីពី «ការលើកកម្ពស់សុវត្ថិភាពលើប្រព័ន្ធអនឡាញសម្រាប់កុមារ» នៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) សាខាខេត្តកំពង់ធំ នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ និងនៅវត្តព្រះពុទ្ធមានជ័យ ខេត្តព្រះវិហារ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូ និងសិស្ស-និស្សិត សរុបប្រមាណ ២៣៧ នាក់។

សិក្ខាសាលានេះ មានគោលបំណងសំខាន់ៗចំនួន៣​ គឺ ៖ ១) ស្វែងយល់ពីកាលានុវត្តភាព និងហានិភ័យ៖ យល់ដឹងពីផលប្រយោជន៍អ៊ីនធឺណិតសម្រាប់ការសិក្សា ការកំណត់ឯកជនភាព (Privacy) និងការប្រុងប្រយ័ត្នលើគ្រោះថ្នាក់អនឡាញ។ ២) ពង្រឹងជំនាញការពារខ្លួន៖ បណ្តុះបណ្តាលបច្ចេកទេសការពារខ្លួនពីការឆបោក (Scams) និងការកេងប្រវ័ញ្ចផ្សេងៗ។ ៣) លើកកម្ពស់ក្រមសីលធម៌ឌីជីថល៖ ជំរុញការប្រើប្រាស់បណ្តាញសង្គមប្រកបដោយការទទួលខុសត្រូវ ដើម្បីក្លាយជា «ពលរដ្ឋឌីជីថលគំរូ»។

តាមរយៈសិក្ខាសាលានេះ បានជួយបង្កើន «ភាពធន់ឌីជីថល» (Digital Resilience) ដល់អ្នកចូលរួម ឱ្យចេះគ្រប់គ្រងទម្លាប់ប្រើប្រាស់បណ្តាញសង្គមមានតុល្យភាព ព្រមទាំងដឹងពីវិធីសាស្ត្រស្វែងរកជំនួយពីអាណាព្យាបាល គ្រូបង្រៀន ឬអាជ្ញាធរនៅពេលជួបបញ្ហាសុវត្ថិភាពអនឡាញ។ សកម្មភាពនេះបានស្តែងឱ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល និងអង្គការដៃគូ ក្នុងការរួមគ្នាកសាងបរិយាកាសឌីជីថលដែលមានសុវត្ថិភាព បរិយាបន្ន និងទំនុកចិត្តសម្រាប់កុមារ និងយុវជនកម្ពុជាគ្រប់រូប!

#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia