ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញជួបសំណេះសំណាលជាមួយនិវត្តជននិងអតីតយុទ្ធជន ប្រមាណ ១៧០០នាក់ នៅស្រុកត្រាំកក់ ខេត្តតាកែវ

ខេត្តតាកែវ៖ ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រធានកិត្តិយសសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាខេត្តតាកែវ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ បានអញ្ជើញជួបសំណេះសំណាលជាមួយនិវត្តជននិងអតីតយុទ្ធជន នៅស្រុកត្រាំកក់ ខេត្តតាកែវ ដោយមានការចូលរួមពីនិវត្តជន និងអតីតយុទ្ធជន​ សរុបប្រមាណ ១៧០០នាក់។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បាននាំនូវសេចក្តីនឹករលឹកចំពោះនិវត្តជននិងអតីតយុទ្ធជន ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខរបស់អតីតយុទ្ធជន និងនិវត្តជនគ្រប់ៗរូប។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរៀមច្បងនិងពូមីងនិវត្តជនទាំងអស់ ដែលបានកសាងមូលដ្ឋានគ្រឹះសម្រាប់គ្រប់វិស័យ និងបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយកម្លាំងចិត្តក្នុងការបំពេញភារកិច្ច ដើម្បីបុព្វហេតុជាតិមាតុភូមិ និងដើម្បីទុកជាសមិទ្ធផលបន្តជូនអ្នកជំនាន់ក្រោយ ដែលយើងត្រូវតែប្ដេជ្ញាថែរក្សាការពារ និងបន្ត អភិវឌ្ឍទ្វេដងតទៅទៀត។

បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបជូនអំពីការរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសយើង រួមទាំងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសាធារណៈ សាលារៀន មន្ទីរពេទ្យ និងស្ពាន ថ្នល់គ្រប់ទីកន្លែង ដែលបានជួយសម្រួលការធ្វើដំណើរនិងការប្រកបរបររកស៉ីផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនលោកយាយ លោកតា អ៊ុំ មា មីង ដែលជានិវត្តជននិងអតីតយុទ្ធជន អំពីអត្ថប្រយោជន៍ផ្សេងៗដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបន្តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តែងបានគិតគូរ រួមមាន ការផ្តល់ជូនដីសម្បទានសង្គមកិច្ច សេវាសុខាភិបាល ការជួយសាងសង់លំនៅដ្ឋាន ប្រាក់ឧបត្ថម្ភ និងប្រាក់សោធននិវត្តន៍ជាទៀងទាត់។

មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានអនុញ្ញាតជូនលោកយាយ លោកតា អ៊ុំ មា មីង លើកឡើងនូវសំណូមពរនានាដើម្បីក្រុមការងារដោះស្រាយជូនផងដែរ។

#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia