ឯកឧត្តម ជុន វ៉ាត បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី “ការចែករំលែកឧត្តម្មានុវត្តន៍លើការប្រើប្រាស់ប្រព័ន្ធទូរសព្ទគ្រាអាសន្នរួម”

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ជុន វ៉ាត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី “ការចែករំលែកឧត្តម្មានុវត្តន៍លើការប្រើប្រាស់ប្រព័ន្ធទូរសព្ទគ្រាអាសន្នរួម” ដោយមានការចូលរួមពីតំណាង ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មន្ទីរពេទ្យកាល់ម៉ែត អគ្គស្នងការដ្ឋាននគរបាលជាតិ កាកបាទក្រហមកម្ពុជា និយ័តករទូរគមនាគមន៍កម្ពុជា ប្រតិបត្តិករទូរគមនាគមន៍ អង្គការ KAMRISE និង CAMSAFE ព្រមទាំងគណៈប្រតិភូមកពីសហរដ្ឋអាមេរិក សរុបប្រមាណ ៨០នាក់ នៅទីស្តីការ ក.ប.ទ.។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន ៣ គឺ៖ (១) ចែករំលែកឧត្តម្មានុវត្តន៍ និងការយល់ដឹងអំពីសារៈសំខាន់នៃប្រព័ន្ធទូរសព្ទគ្រាអាសន្នរួម យន្តការ និងប្រតិបត្តិការមជ្ឈមណ្ឌលឆ្លើយតបសេវាគ្រាអាសន្ន (២) សិក្សាស្វែងយល់ពីបទពិសោធ និងបញ្ហាប្រឈមនៃការអនុវត្តការឆ្លើយតបសេវាគ្រាអាសន្ននាពេលបច្ចុប្បន្នរបស់ភ្នាក់ងារឆ្លើយតបនានា និង (៣) ស្វែងរកធាតុចូលពីអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីជាមូលដ្ឋានក្នុងការសិក្សានិងរៀបចំបទដ្ឋានគតិយុត្ត ព្រមទាំងការផ្តល់អនុសាសន៍សមស្របសម្រាប់ការបង្កើតប្រព័ន្ធទូរសព្ទគ្រាអាសន្នរួមនៅកម្ពុជា។

បច្ចុប្បន្ន កម្ពុជានៅមិនទាន់មានប្រព័ន្ធទូរសព្ទគ្រាអាសន្នរួម សម្រាប់បម្រើដល់សាធារណជនទូទាំងប្រទេសនៅឡើយទេ។ យោងតាមទិន្នន័យពី និយ័តករទូរគមនាគមន៍កម្ពុជា បច្ចុប្បន្នមានលេខទូរសព្ទគ្រាអាសន្នចំនួន ៣ ត្រូវបានដាក់ឱ្យដំណើរការដាច់ដោយឡែកពីគ្នា (១១៥,១១៧,១១៨,១១៩) និងមានលេខទូរសព្ទបន្ទាន់ប្រមាណ ៤៧ លេខផ្សេងទៀត ត្រូវបានផ្តល់ជូនក្រសួង ស្ថាប័ន និងអង្គភាពផ្សេងៗ។ ស្ថានភាពនៃការប្រើប្រាស់លេខទូរសព្ទគ្រាអាសន្នមិនមានស្តង់ដារ និងគ្មានការសម្របសម្រួលរួមបែបនេះ បានបង្កជាបញ្ហាប្រឈមជាច្រើន រួមមាន ភាពលំបាកទាក់ទង និងច្របូកច្របល់ដល់ប្រជាពលរដ្ឋក្នុងការចងចាំលេខ មិនអាចសម្របសម្រួលរវាងស្ថាប័នពាក់ព័ន្ធក្នុងពេលតែមួយបានរហ័សដូចជាករណីគ្រោះថ្នាក់ចរាចរណ៍ អគ្គីភ័យ ដែលទាមទារការឆ្លើយតបពីឡានពេទ្យ រថយន្តពន្លត់អគ្គីភ័យ និងប៉ូលីសក្នុងពេលតែមួយជាដើម។

#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia