•

ឯកឧត្តមរដ្ឋលេខាធិការ ខាយ ឃុនហេង បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី “ការបង្ការជំងឺមិនឆ្លង ដើម្បីលើកកម្ពស់សុខភាព និងប្រសិទ្ធភាពការងារ”

រាជធានីភ្នំពេញ៖ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី “ការបង្ការជំងឺមិនឆ្លង ដើម្បីលើកកម្ពស់សុខភាព និងប្រសិទ្ធភាពការងារ” ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក.ប.ទ. ជិត៣០០នាក់ និងវាគ្មិនកិត្តិយសជាសាស្ត្រាចារ្យជំនួយ លោក លោកស្រីវេជ្ជបណ្ឌិតជំនាញមកពីក្រសួងសុខាភិបាល និង អង្គការម៉ារីស្តូបកម្ពុជា។

សិក្ខាសាលានេះរៀបចំឡើង ក្នុងគោលបំណងផ្តល់ចំណេះដឹងមូលដ្ឋានអំពីហានិភ័យដែលអាចកើតឡើង ដោយស្ងាត់ស្ងៀមមិនមានសញ្ញាប្រាប់ឱ្យដឹងជាមុន ពីជំងឺមិនឆ្លង ដើម្បីឲ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ទាំងអស់ចេះថែទាំសុខភាពខ្លួនឯង ក្រុមគ្រួសារ តាមរយៈទម្លាប់ប្រចាំថ្ងៃរបស់ខ្លួន និងរួមចំណែក បង្កើតបរិយាកាសការងារប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលជូនអង្គភាព ក្រសួង ស្ថាប័ន ដោយសារធនធានមនុស្សមានសុខភាពល្អ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា «មន្ត្រីរាជការ គឺជាទ្រព្យសម្បត្តិដ៏មាន តម្លៃបំផុតរបស់ក្រសួង/ស្ថាប័ន»។ ប្រសិទ្ធភាពការងារ ទិន្នផលការងារ និងគុណភាពនៃការសម្រេច ចិត្តរបស់ស្ថាប័ន អាស្រ័យដោយផ្ទាល់ទៅលើសុខភាពកាយ និងចិត្ត របស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់រូប។

ការកាត់បន្ថយហានិភ័យនៃជំងឺមិនឆ្លង មិនត្រឹមតែជួយការពារសុខុមាលភាពមន្ត្រី និងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយការអវត្តមានពីការងារ បង្កើនការផ្តោតអារម្មណ៍លើកិច្ចការបានល្អ និងលើក កម្ពស់ផលិតភាពការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមថា ការ វិនិយោគលើ “ការបង្ការជំងឺ” គឺជាការវិនិយោគចំណាយតិចបំផុត ប៉ុន្តែទទួលបានផលចំណេញ ធំបំផុត សម្រាប់បុគ្គល គ្រួសារ និងស្ថាប័នទាំងមូល។