ឯកឧត្តម លីវ សុផាណារិទ្ធិ បានអញ្ជើញចូលរួមកម្មវិធី SICW និង AMCC លើកទី១១ នៅប្រទេសសិង្ហបុរី

ប្រទេសសិង្ហបុរី៖ នៅថ្ងៃទី១២-១៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការ តំណាងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកម្មវិធី 11th Singapore International Cyber Week (SICW) និងកម្មវិធី 11th ASEAN Ministerial Conference on Cybersecurity (AMCC) រៀបចំឡើងដោយទីភ្នាក់ងារសន្តិសុខសាយប័រនៃប្រទេសសិង្ហបុរី និងមានការអញ្ជើញចូលរួមពីបណ្តារដ្ឋមន្ត្រី អ្នករៀបចំគោលនយោបាយ អ្នកស្រាវជ្រាវ សហគ្រិនធុរកិច្ចឌីជីថល និងតំណាងសង្គមស៊ីវិលមកពីជុំវិញពិភពលោក ដើម្បីពិភាក្សាអំពីគោលនយោបាយ ការគ្រប់គ្រងដំណើរការប្រតិបត្តិការសន្តិសុខសាយប័រ និងការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថលថ្មីៗ។

នៅក្នុងកិច្ចពិភាក្សានេះ ឯកឧត្តម លីវ សុផាណារិទ្ធិ បានអញ្ជើញថ្លែងអំពីកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ដែលបានចែករំលែកបទពិសោធនិងចំណេះដឹងក្នុងការទប់ស្កាត់ការគំរាមកំហែងសន្តិសុខសាយប័រ ការការពារហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ (CII) និងការពង្រឹងប្រតិបត្តិការការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រជាតិ ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត បច្ចេកវិទ្យាកង់ទិក និងបច្ចេកវិទ្យាឈានមុខថ្មីៗ។ ឯកឧត្តម បានបន្ថែមថា ការពិនិត្យមើលក្របខណ្ខគោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត និងទិដ្ឋភាពបច្ចេកទេស ជាកត្តាសំខាន់ដើម្បីជំរុញការធ្វើអភិបាលកិច្ចឱ្យមានប្រសិទ្ធិភាពខ្ពស់។

ជាមួយគ្នានេះ ប្រទេសកម្ពុជាបានទទួលការគាំទ្រលើកិច្ចការងារជាអាទិភាពសំខាន់ៗដើម្បីពង្រឹងសន្តិសុខសាយប័រក្នុងតំបន់ និងកសាងប្រព័ន្ធអេកូឡូស៉ីឌីជីថលឱ្យមានប្រសិទ្ធភាព និងសុវត្ថិភាពដល់អ្នកប្រើប្រាស់ រួមមាន (១) ការសម្របសម្រួលយន្តការសាយប័រអាស៊ាន ក្នុងក្របខ័ណ្ឌ ASEAN Cyber-CC និងការិយាល័យឆ្លើយតបបញ្ហាបន្ទាន់ (២) ការបង្កើនកិច្ចសហប្រតិបត្តិការ និងការធ្វើសុខដុមនីយកម្មស្តង់ដាសន្តិសុខសាយប័រតាមវិស័យ (៣) ការកសាងធនធានមនុស្ស និង (៤) ការជំរុញភាពជាដៃគូររវាងរាជរដ្ឋាភិបាល ជាមួយក្រុមហ៊ុនឯកជន សង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍នានា។

#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia